ស្ថានទូតតួកគីនៅភ្នំពេញ ប្រកាសថាបងប្អូនដែលចង់បរិច្ចាគសម្លៀកបំពាក់ សម្ភារនិងរបស់ប្រេីប្រាស់ អាចយកទៅកាន់ស្ថានទូតបាន
(ភ្នំពេញ)៖ សោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រុិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានធ្វើឱ្យពិភពលោកមានការតក់ស្លុតជាខ្លាំង។

ខណៈដែលបុរស ស្ត្រី និងកុមារ នៅប្រទេសតួកគី ជាច្រើនកំពុងស្ថិតនៅក្នុងភាពលំបាកខ្វះខាត កម្ពុជា ក៏ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន១០០,០០០ដុល្លារអាមេរិក ដល់តួកគី។ ជាមួយគ្នានេះ សម្រាប់បងប្អូនកម្ពុជា ដែលចង់បរិច្ចាគសម្លៀកបំពាក់ សម្ភារនិងរបស់ប្រេីប្រាស់ កាលពីពេលថ្មីៗនេះស្ថានទូតតួកគីនៅភ្នំពេញ ក៏បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផេកយ៉ាងដូច្នេះថា៖
«ប្រជាពលរដ្ឋតួកគី និងមិត្តភ័ក្តិកម្ពុជា ក៏ដូចជាមិត្ដផ្សេងទៀតដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី អ្នកអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត (អាសយដ្ឋាន៖ផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ក្នុងអំឡុងពេលម៉ោងធ្វើការ។ សម្រាប់កញ្ចប់ដែលត្រូវដឹកជញ្ជូននៅម៉ោងមិនធ្វើការ សូមទាក់ទងមកជាមុនតាមរយៈ +855 12 464 051។ សម្រាប់ការសាកសួរបន្ថែមទាក់ទងនឹងស្ថានភាពនៅតួកគី អ្នកអាចទូរស័ព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនងកុងស៊ុល (+903122922929)។»
ជាមួយគ្នានេះស្ថានទូតតួកគី ក៏បានបើកសៀវភៅរំលែកទុក្ខ សម្រាប់អ្នកដែលចង់សរសេរសាររំលែកទុក្ខ អាចមកកាន់ស្ថានទូតនៅថ្ងៃសុក្រ (១០ កុម្ភៈ ២០២៣) ចន្លោះពីម៉ោង ១០.០០ ដល់ ១២.០០ ដល់ ១៤.០០ – ១៨.០០។ អ្នកដែលមិនអាចមកកាន់ស្ថានទូតក៏អាចផ្ញើសាររំលែកទុក្ខតាមអ៊ីមែលទៅកាន់អាសយដ្ឋានអ៊ីមែលដូចខាងក្រោម៖ embassy.phnompenh@mfa.gov.tr៕




