អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បាត់បង់ជីវិត ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី នោះទេ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគី នោះទេ។

ឯកឧត្តមបានបន្ថែមថា តាមការស្រាវជ្រាវ និងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន០២រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងត្រូវបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ ដោយនិស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជារួចហើយ និងបានទទួលការជួយឧបត្ថម្ភចាំបាច់នានា រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន