ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ

    BY Khmernote Media February 11, 2023
    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ពីររូប៖

    ទី១.បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ អាយុ៤១ឆ្នាំ។
    និងទី២.នារីជនជាតិខ្មែរម្នាក់ អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញទំនាក់ទំនងសង្គម លើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

    ជនសង្ស័យជានារីខ្មែរ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ ជាអ្នកដើរបញ្ចុះបញ្ចូល អ្នកជិតខាងនិងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗហើយលក់គណនីធនាគារនោះមកឱ្យខ្លួនហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យដែលជាបុរស សញ្ជាតិនីហ្សេរីយ៉ាខាងលើ។

    ជនសង្ស័យ ដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។

    បន្ទាប់ពីឃាត់ខ្លួនបាន មន្ត្រីជំនាញបានរកឃើញថា ជនសង្ស័យបានបោកប្រាស់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀតតាមរូបភាពមនោសញ្ចេតនាស្នេហាពីបរទេស ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងបញ្ញើកញ្ចប់អីវ៉ាន់ជាដើម។ បន្ទាប់មកជនសង្ស័យបានឱ្យបក្ខពួកបន្លំខ្លួនជាមន្ត្រីមានសមត្ថកិច្ចទាក់ទងមកជនរងគ្រោះថា ត្រូវបង់ថ្លៃសេវាដើម្បីសម្រួលក្នុងការយកប្រាក់ ឬវត្ថុមានតម្លៃចេញពីច្រកទ្វារអន្តរជាតិដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យទាំងពីរត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ដែលសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃ មកពីក្រៅប្រទេស។ បន្ថែមពីនេះ នាយកដ្ឋានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់ ឬប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួន ទៅឱ្យអ្នកដទៃព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post: