ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ជំរុញឱ្យលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន

    BY Khmernote Media February 13, 2023
    ក្រសួងអប់រំ ជំរុញឱ្យលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំស្ដីពី ការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ។

    ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ។ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើ ការណែនាំដល់គ្រប់ “គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ” ដូចខាងក្រោម៖

    ១. តម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ញាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច។

    ២. គ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ។

    ៣. គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា។

    ទទួលសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដើម្បីចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: