ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលបានបង្ហោះថា នៅម្តុំ Sky Land 7NG មានពួកជនពាលចាប់មនុស្សចូលឡាន

    BY Khmernote Media February 13, 2023
    ស្នងការខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលបានបង្ហោះថា នៅម្តុំ Sky Land 7NG មានពួកជនពាលចាប់មនុស្សចូលឡាន

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃ ស្រទាប់មាស និងគណនីហ្វេបុក ភគវតី សិរីចក្រពត្កិ ដែលបានបង្ហោះផ្សព្វផ្សាយ ដែលមានខ្លឹមសារ៖

    គណនីហ្វេប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស មានខ្លឹមសារថា៖ «សូមបងប្អូនមិត្តនារីៗមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ រឿងនេះបានកើតលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហែសហើយក៏សូមអរគុណ ដល់អ៊ុំពូមីងដែលជួយខ្ញុំឲ្យរួចពីពួកជនកំណាចទាំងអស់នោះ #ករណីចាប់ចំរិតនៅ7NG»

    – គណនីហ្វេប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ មានខ្លឹមសារថា៖ «នៅម្តុំSky Land 7NG មានពួកជនពាលជិះឡានចាប់មនុស្សចូលឡាន កើតឡើងចំពោះមិត្តរួមថ្នាក់របស់ខ្ញុំផ្ទាល់ ផ្កាព្រៃស្រទាប់មាស ចេះសំណាងមានបងប្អូននៅទីនោះជួយទាន់ ប្រុងប្រយ័ត្នផងបងៗមិត្តនារី»

    ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកវសេនីយ៍ឯក ម៉ែន សុខឃឿន ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

    ជាលទ្ធផល៖ នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានចុះស្រាវជ្រាវ ក្នុងនោះបានអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ បានបំភ្លឺថា៖ ខ្លួនបានព័ត៌មានខាងលើនេះពីគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនហើយបង្ហោះទៅ។

    – ចំពោះម្ចាស់គណនីហ្វេបុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ទាក់ទងពុំបាន។ ករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបន់ក្រុមហ៊ុន7NG ឃើញថា៖ ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុកទាំងពីរខាងលើបង្ហោះឡើយ។

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអរគុណសម្រាប់ការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនូវព័ត៌មានពិត ដើម្បីសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។ ជៀសវាងការផ្តល់ព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: