ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដឹងច្បាស់ហើយ! កំណត់ត្រាពិភពលោកត្រៀមបំបែកឯតទគ្គកម្ម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺប្រកួតរាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស ១លានបេះដូង

    BY Khmernote Media February 14, 2023
    ដឹងច្បាស់ហើយ! កំណត់ត្រាពិភពលោកត្រៀមបំបែកឯតទគ្គកម្ម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺប្រកួតរាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស ១លានបេះដូង

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន ១លានបេះដូង។

    ឯតទគ្គកម្មទាំង២នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, ដែលរៀបចំឡើងដោយលោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋាន និងយុវជនស្ម័គ្រចិត្តលេខាធិការដ្ឋាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ប្រមាណជា៧០នាក់។

    កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក និងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុលជាទីបំផុត ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក នៅក្នុងថ្ងៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងចូលរួមបត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ១លានបេះដូង «បេះដូងលោតក្នុងចង្វាក់តែមួយ» ដែលជាភាសាបេះដូងរួមគ្នាតែមួយសម្រាប់ជាតិមាតុភូមិ និងបង្ហាញពីការរួបរួមសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស ក្នុងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) នៃព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ ៕

    ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប

    Share This Post: