ឧបករណ៍ក្រួស ត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះក្នុងឆ្នាំ១៩៦៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបករណ៍ក្រួស ត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះក្នុងឆ្នាំ១៩៦៣។

«វប្បធម៌ក្រួស» ជាវប្បធម៌ចាស់ជាងគេបំផុតក្នុងបុរេប្រវត្តិសាស្រ្តដែលមានអាយុកាលជាងបីលានឆ្នាំមកឯណោះ ហើយបានរីកសាយពីទ្វីបអាហ្វ្រិក ទៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។ ក្រួសស្ថិតនៅតាមមាត់ស្ទឹង ឫបាតស្ទឹងជាឧបករណ៍ជំនាន់ដើមដែលមនុស្សក្នុងយុគសម័យបុរេប្រវត្តិបានដំបំបែកឲ្យមានមុខមុតមួយ ឬច្រើនដើម្បីប្រើប្រាស់ជំនួសកាំបិតនាពេលបច្ចុប្បន្នសម្រាប់ កាត់ កោស ចិត ជាដើម។
ដោយឡែកនៅស្រុកខ្មែរឯណេះវិញមានភូគ្គព្ភវិទូ (ធរណីវិទូ) បារាំងម្នាក់ឈ្មោះ អេដម៉ុង ស៉ូរាំង បានរកឃើញឧបករណ៍ក្រួសនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានដុំថ្មគ្រើមរទុះៗពណ៌ខ្មៅស្រអាប់ហៅថា ថ្មពពុះសំរឹទ្ធ និងបានពណ៌នាលម្អិតជាលើកដំបូងក្នុងឆ្នាំ១៩៦៣។
ថ្មពពុះសំរឹទ្ធ ជាសិលារាវដែលរលាយក្នុងដីដោយកម្តៅរាប់ពាន់អង្សា ហើយខ្ទាតចេញមកលើអាកាសកម្ពស់ច្រើនគីឡូម៉ែត្រជាតំណក់តូច ធំ រាងមូល ឬទ្រវែង នៅពេលមានដុំអាចម៍ផ្កាយបុកទង្គិចលើផែនដី នៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
នៅបស្ចឹមប្រទេសអំឡុងសតវត្សរ៍ទី២០ គេដាក់ឈ្មោះថ្មប្រភេទនេះតាមភាសាក្រិចបុរាណថា ”តិកទីត” ដែលពាក្យ ”តិកតូស” មានន័យថា រលាយ។ ដោយសារថ្មនេះហើយទើបអ្នកស្រាវជ្រាវយល់ថាល្បាក់ដីល្បាប់ទាំងនេះមានអាយុកាលជាងប្រាំបីសែនឆ្នាំ ៕

