ក្រសួងសុខាភិបាល ប្រកាសជ្រើសរើសមន្រ្តីរាជការចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែងឲ្យចូលបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្រ្តីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឲ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣។

ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងមន្ត្រីរាជការ ទូទៅឱ្យបានជ្រាបថា ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូល បម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣នេះ តាមលក្ខខណ្ឌដូចខាងក្រោម៖
ក/លក្ខខណ្ឌនៃការជ្រើសរើស៖
១-បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។
២-បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។
ក្នុងករណីរកឃើញថា បេក្ខជនជាមន្រ្តីរាជការដែល គ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាមី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។
៣-ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូល ក្របខណ្ឌសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឡើយ។
៤-បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស (យកក្រោយពេលប្រឡងជាប់) ៕

