ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគារខ្ពស់ចំនួន៨៩ នៅក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមសាងសង់ឡើងវិញក្រោយការធូរស្រាលនៃជំងឺកូវីដ១៩

    BY Khmernote Media February 16, 2023
    អគារខ្ពស់ចំនួន៨៩ នៅក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមសាងសង់ឡើងវិញក្រោយការធូរស្រាលនៃជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អគារជាង ៨០នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់ឡើងវិញក្រោយការធូរស្រាលនៃជំងឺកូវីដ១៩ ខណៈដែលអគារដែលនៅសេស សល់ជាង២០០អគារ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីធ្វើយ៉ាងណាអាចបន្តការសាងសង់ឡើងវិញ។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះស៊ីហនុបានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លង មក” របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានអះអាងថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការរីកដុះ ដាលខ្លាំងនូវសំណង់អគារជាច្រើន ដែលរហូតមកដល់ពេលនេះមានចំនួនសរុប១០០៦សំណង់អគារខ្ពស់ ប៉ុន្តែក្នុងចំណោមអគារទាំងនោះ អគារដែលបានផ្អាកការសាង សង់ មានចំនួន៣៥៩អគារ ហើយអគារដែលកំពុងដំណើរការសាងសង់ឡើងវិញបន្ទាប់ពីមានការធូរ ស្រាលពីកូវីដ១៩ មានចំនួន៨៩ អគារ។

    ឯកឧត្ដមបានឱ្យដឹងទៀតថា អគារដែលបានសាងសង់រួចហើយ ប៉ុន្តែដោយសារការគំរាម កំហែងពីវិបត្តិនៃជំងឺកូវីដ១៩ក្នុងពេលកន្លងទៅបានផ្អាកដំណើរការទាំងស្រុងមានចំនួន២៥៥អគារ និងអគារដែលបានសាងសង់រួច ដែលកំពុងដំណើរការក្នុងពេលបច្ចុប្បន្ន និងបានផ្តល់ការងារទៅដល់ប្រជាពលរដ្ឋក្នុងខេត្តមានចំនួន៣០៣ អគារ។ ឯកឧត្ដមបានបន្ថែមថា សម្រាប់អគារដែលនៅសេសសល់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន បាននិងកំពុងរៀបចំផែនការមេ ដើម្បីដោះស្រាយវិបត្តិអគារដែលសេសសល់ ដោយធ្វើយ៉ាងណាឱ្យមានដំណើរការសាងសង់ឡើងវិញ ។

    « មកដល់ពេលនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើការណែនាំទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឱ្យធ្វើការគិតគូរ រកវិធីដើម្បីដោះស្រាយ អំពីបញ្ហាសំណង់ជាប់គាំងនេះ ដែលមកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបង្កើតនូវក្រុមការងារមួយដើម្បីរៀបចំគោលនយោបាយដោះស្រាយសំណង់ជាប់គាំងនេះ ដែលគោលនយោបាយនេះ កំពុង តែដំណើរការជាបន្តបន្ទាប់ទៅហើយ។ ហើយការគិតគូរនេះក៏កំពុងសុំយោបល់ពីថ្នាក់ដឹកនាំ ជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចអំពីគោលនយោបាយ ក្នុងការលើកទឹក ចិត្តឱ្យបន្តការកសាង និងជំរុញនិងការកសាងអគារដែលជាប់គាំងទាំងអស់នេះ។»

    គួរជម្រាបថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗ មានចំនួន ៥៨៩គម្រោង ដែលអគារចាប់ ពី៥ ជាន់ដល់៩ជាន់ មានចំនួន ២៦៣ គម្រោង អគារពី១០ជាន់ទៅ១៩ ជាន់មាន២២៩គម្រោង អគារពី២០ ជាន់ទៅ២៩ជាន់មានចំនួន ៦៣ គម្រោង អគារពី៣០ជាន់ទៅ៣៩ ជាន់មានចំនួន ២៨គម្រោង និងអគារចាប់ពី៤០ឡើងទៅមានចំនួន ៦គម្រោង។

    សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០២២ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បានផ្តល់លិខិតអនុញ្ញាតសាងសង់ជាង ១៥៨៨គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ១៤.៦៤៤.១៩០ ម៉ែត្រក្រឡា ដោយមានទុនវិនិ យោគសរុប ៧.៩៨៩.២៦៣.៨៩០ដុល្លារអាមេរិក ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់ រួមមានគម្រោងអគារ ស្នាក់នៅរួម អគារពាណិជ្ជកម្ម, អគារសណ្ឋាគារ និងអគារពហុមុខងារ ដោយភាគ ច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់៥៣ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សា ហកម្ម និងរោងចក្រផ្សេងៗទៀតជាដើម ក្នុងគោលបំណងទ្រទ្រង់ឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: