ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតតួកគី អរគុណប្រជាជនកម្ពុជា ចំពោះការបរិច្ចាគ និងលើកឡើងថាពិតជាមានសំណាងដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ

    BY Khmernote Media February 16, 2023
    ស្ថានទូតតួកគី អរគុណប្រជាជនកម្ពុជា ចំពោះការបរិច្ចាគ និងលើកឡើងថាពិតជាមានសំណាងដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ

    (ភ្នំពេញ)៖ បន្ទាប់ពីប្រទេសតួកគី បានជួបសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន។ គេឃើញសហគមន៍អន្តរជាតិ បានរួបរួមគ្នាបរិច្ចាគជាថវិកា សម្ភារ និងបញ្ជូនអ្នកសង្គ្រោះរបស់ខ្លួនទៅកាន់ប្រទេសតួកគី ដើម្បីជួយរុករកអ្នកដែលកំពុងជាប់ក្នុងគំនរបែកបាក់។

    ជាមួយគ្នានេះផងដែរ នៅកម្ពុជា ដោយរាជរដ្ឋាភិបាល និងប្រជាជន បានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សដល់ស្ថានទូតតួកគីនៅកម្ពុជា។ ក្រោយពីទទួលបានជំនួយដ៏ច្រើនបែបនេះ ស្ថានទូតតួកគីនៅកម្ពុជា ក៏បានបង្ហោះសារថ្លែងអំណរគុណប្រកបដោយមានខ្លឹមសារ ដោយចាត់ទុកខ្លួនឯងមានសំណាង​ណាស់​ដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ។

    នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត បានឱ្យដឹងថា «កម្ពុជា​បាន​ធ្វើការឆ្លើយតប​យ៉ាងឆាប់​រហ័ស ក្នុង​នាម​ជា​មិត្ត​ដ៏​រឹងមាំ និង​ជា​ដៃគូ​របស់ប្រទេសតួកគី។ ទូលព្រះបង្គំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​​ព្រមទាំងសមាជិករាជរដ្ឋាភិបាលទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សរបស់កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសតួកគី។

    អំណោយពីកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​​​ គឺជាជំនួយមួយផ្នែកក្នុងការគាំទ្រយុទ្ធនាការជំនួយរបស់យើងខ្ញុំផងដែរ។ យើង​ខ្ញុំបាន​ទទួល​អំណោយ​ដោយ​សប្បុរស​ពី​មន្ត្រី​រដ្ឋាភិបាល និង​ឥស្សរជន​ផ្សេងៗ​ រួម​មាន ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា​ លោកជំទាវ​ ហ៊ុន ម៉ាលី​​​​​។

    ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់អ្នកជំនួញកម្ពុជា រួម​មាន សមាគមន៏វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោកជំទាវ​ លី​ សុជិន លោក​​​​​​​​​​​ រ៉ាមី​​​​​​ ហ្សារ៉ាស និងមានអ្នកជំនួញជាច្រើនរូបទៀត។ ក្នុងនាមជាប្រទេសមួយដែលមានឧស្សាហកម្មវាយនភណ្ឌរឹងមាំ យើងទទួលបានភួយជាង​​​ ៤០០០ភួយ ថង់គេងជាច្រើនទៀត សម្លៀកបំពាក់រដូវរងាជាច្រើនតោន ព្រមទាំងអាហារត្រូវបានបរិច្ចាគដោយក្រុមហ៊ុន និងរោងចក្រផ្សេងៗជាច្រើន។ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន យើង​បាន​បញ្ជូន​អំណោយលើកទី១​​ ទំងន់១៥ តោន​ទៅ​តួកគី តាម​យន្តហោះនៅ​​ទីក្រុង​បាងកក។ ក្រៅពីសហគមន៍តួកគីក្នុងទីក្រុងភ្នំពេញ យើងក៏បានទទួលជំនួយយ៉ាងច្រើនពីអតីតនិស្សិតដែលទៅសិក្សានៅតួកគីសម្រាប់ការងាររៀបចំ វេចខ្ចប់ និងការលើកជញ្ជូនអំណោយផងដែរ។

    ក្នុងនាមស្ថានទូតរបស់ខ្ញុំ និងសហគមន៍តួកគីនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានជួយយើងតាមគ្រប់មធ្យោបាយ ក៏ដូចជាសហគមន៍ការទូតសម្រាប់សាមគ្គីភាពដ៏រឹងមាំរបស់ពួកគេ។ សារនៃការគាំទ្រ និងការផ្ដល់ជំនួយខ្ញុំទទួលបានច្រើនលើសលប់។ ខ្ញុំ​ចាត់​ទុក​ថា​ខ្លួន​ឯង​មានសំណាង​ណាស់​ដែល​បាន​មកបំពេញតួនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ។ សូមចូលរួមរំលែកទុក្ខដល់ប្រទេសតួកគី របស់ខ្ញុំ​»៕

    ប្រភព៖ T.C. Punom Pen Büyükelçiliği / Turkish Embassy in Phnom Penh

    Share This Post: