ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋពេលចាក់ប្រេងឥន្ធនៈតាមស្ថានីយនីមួយៗ សូមពិនិត្យមើល Sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងជាមុនសិន ចៀសវាងការចាក់ប្រេងមិនគ្រប់លីត្រ

    BY Khmernote Media February 17, 2023
    ពលរដ្ឋពេលចាក់ប្រេងឥន្ធនៈតាមស្ថានីយនីមួយៗ សូមពិនិត្យមើល Sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងជាមុនសិន ចៀសវាងការចាក់ប្រេងមិនគ្រប់លីត្រ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក មៀង វណ្ណដេត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល បានលើកឡើងថា ពលរដ្ឋពេលចាក់ប្រេងឥន្ធនៈតាមស្ថានីយនីមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេង ជាមុនសិន ចៀសវាងការចាក់ប្រេងមិនគ្រប់លីត្រ។ ការមានប្រសាសន៍ដូចនេះនៅពេលលោក និង មន្ត្រីជំនាញចុះពិនិត្យមាតិសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

    លោក អនុប្រធានមន្ទីរ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅទូទាំងខេត្តកណ្ដាល សូមកុំកេងបន្លំ ចាក់ប្រេងឥន្ធនៈមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយក្នុងករណីដែលមន្ត្រីជំនាញចុះពិនិត្យឃើញថា មានការកេងបន្លំ ឬចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ នោះម្ចាស់ស្ថានីយទាំងនោះ នឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់ដែលបានកំណត់។

    មន្ត្រី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានធ្វើការចុះពិនិត្យជាប្រចាំនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងករណីរកឃើញម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ធ្វើការកិបកេងក្នុងការចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ អាចប្រឈមនឹងការពិន័យពី ២លានរៀលទៅ ៤លានរៀលក្នុងមួយដៃប្រេង។

    ចំពោះស្ថានីយប្រេងឥន្ធនៈណា ដែលបានពិនិត្យរួចមក ក្រុមការងារបានកិបសៀល ដើម្បីបញ្ចៀសនូវការកែប្រែនូវចំនួនតួលេខ ដែលធ្វើឱ្យខ្វះចំណុះ នៅក្នុងឧបករណ៍ចាក់ប្រេងទាំងនោះ បន្ទាប់មកទៀតក្រុមការងារបានបិទ Sticker ជាប់នៅលើម៉ាស៊ីនចាក់ប្រេងរបស់ស្ថានីយនីមួយៗ ដែលបានបញ្ជាក់ថា បានទទួលការពិនិត្យ និង ទទួលស្គាល់ថា ស្ថានីយប្រេងឥន្ធនៈនោះមានការចាក់គ្រប់ចំណុះត្រឹមត្រូវ តាមស្តង់ដារដែលបានកំណត់។

    លោក មៀង វណ្ណដេត ក៏បានស្នើដល់ប្រជាពលរដ្ឋ នៅពេលចូលចាក់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនីមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងទាំងនោះ ដើម្បីយើងទទួលស្គាល់បានថា ស្ថានីយនោះចាក់ប្រេងគ្រប់ចំណុះជូនយើងដោយមិនមានការកិបកេងឡើយ។ ក្នុងនោះផងដែរលោកក៏បានសុំឱ្យប្រជាពលរដ្ឋរាយការណ៍ និងផ្ដល់ព័ត៌មានដល់មន្ទីរជំនាញ ដែលមានការសង្ស័យថា មានស្ថានីយប្រេងឥន្ធនៈណាមួយ ដែលបានកិបកេង និងចាក់ប្រេងឥន្ធនៈជូនពួកគាត់មិនគ្រប់ចំណុះ ដើម្បីឱ្យក្រុមការងាររបស់មន្ទីរ ចុះធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវឡើងវិញ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: