តោះមកដឹងពីអត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៧៧ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ពីអត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

មេដាយស៊ីហ្គេមឆ្នាំ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយហ្គេមលើកទី៣២ ឆ្នាំ២០២៣ មានលក្ខណៈល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯកមួយ មានអត្ថន័យដូចខាងក្រោម៖
-រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។
-នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ដែលមានរូបនាគ៤ ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទង តំណាងឱ្យថ្ងៃ៧មករា ៕


ប្រភព៖ MoEYS Cambodia