សម្តេចតេជោ ហ៊ុន សែន ប្រកាសទុកពេលវេលាសម្រាប់ទទួលពាក្យអតីតបុគ្គលិក VOD ដែលចង់ចូលធ្វេីការក្របខ័ណ្ឌរដ្ឋ ត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ទុកពេលទទួលអតីតបុគ្គលិក VOD ចូលក្របខ័ណ្ឌរដ្ឋ ឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧:០០នាទី ថ្ងៃ២៨ ខែកុម្ភៈខាងមុខនេះ។

ដោយសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរៀបយ៉ាងដូច្នេះថា៖ «កាលពីថ្ងៃ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានបុគ្គលិក ៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧៖០០នាទី នៅថ្ងៃ២៨ កុម្ភៈ ២០២៣។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។»
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕»
