អធិការដ្ឋាននគរបាលស្រុកស្វាយទាប បំភ្លឺករណីជនជាតិចិន បើករថយន្តរ៉េចង្កូតចុះឡើងពេញផ្លូវ នៅផ្លូវជាតិលេខ១ មិនមែនស្រវឹងទេ គឺដោយសារងងុយដេក
ស្រុកស្វាយទាប៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ស្រុកស្វាយទាប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារនិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប មានកិត្តិយសសូមធ្វើការឆ្លើយតបចំពោះ ផេកសារព័ត៌មាន KH Plus News (ខេអេចភ្លើសញ៉ូ) ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨៖៣០នាទី មានរថយន្តមួយគ្រឿងម៉ាក Camery Hybrid ពណ៌ទឹកមាស បើកបរដោយជនជាតិចិន មានសភាពរ៉េចង្កូតចុះឡើងពេញផ្លូវ ទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុច គីឡូម៉ែត្រលេខ០៨ រួចបត់ត្រឡប់ក្រោយទៅទិសខាងកើតវិញ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបស្ដីទី បញ្ជាកម្លាំងជំនាញ ចុះឃាត់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និង តេស្តជាតិអាកុល លទ្ធផល គ្មានជាតិអាកុល តាមចម្លើយសារភាពរបស់ជនបើកបរ ខ្លួនងងុយដេកដោយមិនបានដេកពេញមួយយប់ មូលហេតុ ចេញពីធ្វើការវេនយប់។
បច្ចុប្បន្នសមត្ថកិច្ចយើង បានធ្វើការអប់រំដល់ជាតិចិនរូបនេះកុំបើកបរក្នុងស្ថានភាពងងុយដេកទៀតព្រោះអាចគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់់ដល់អ្នកដទៃ និងបានផ្ដល់កន្លែងស្នាក់នៅរយៈពេលខ្លីដើម្បីបំបាត់ភាពងងុយដេក រួចមានមិត្តភក្តិមកទទួលយកទៅវិញ។
សូមអរគុណចំពោះអ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការ តាមរយៈការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដែលធ្វើឲ្យកិច្ចប្រតិបត្តិការ បង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទរបស់សមត្ថកិច្ចយើងទទួលបានលទ្ធផលល្អប្រសើរ ៕



