ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋប្រមាណជាង៦មុឺននាក់ បានមកជួបជុំគ្នាចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ក្រោមម្លប់សន្តិភាព

    BY Khmernote Media February 20, 2023
    ពលរដ្ឋប្រមាណជាង៦មុឺននាក់ បានមកជួបជុំគ្នាចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ក្រោមម្លប់សន្តិភាព

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

    ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បើតាមលោកយាយ លោកតាដំណាលប្រាប់។

    ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។

    ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦មុឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។

    ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់បន្ថែមថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។

    ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេ ទទួលបានប្រាក់រង្វាន់។

    លេខ១ ទទួលបានថវិកា៥០មុឺនរៀល និងស្រាបៀរញាំលេងកំសាន្តរីករាយក្រោមម្លប់សន្តិភាពចំនួន ០២កេះ លេខ២ លេខ៣ ទទួលបានប្រាក់រង្វាន់ និងស្រាបៀ ក្នុងម្នាក់២កេះ លេខ៤ដល់លេខ១២ ទទួលបានស្រាបៀ ក្នុងម្នាក់២កេះដូចៗគ្នា ក៏ដូចជាអ្នកចូលរួមប្រកួតចាប់ត្រីទាំងអស់ ទទួលបានថវិកាលើកទឹកចិត្ត ក្នុងម្នាក់៥មុឺនរៀលផងដែរ។

    សូមជម្រាបថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។

    មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រីទុក​សម្រាប់​ពិធី​ចាប់​ត្រី ជារៀងរាល់ឆ្នាំ​។

    ចំពោះការចាប់ត្រី ពលរដ្ឋអាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ ដោយតំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: