សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធសិក្សាពីការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រដោយមិនគិតថ្លៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងពាក់ព័ន្ធធ្វើការពិនិត្យនៅតាមស្ថាប័នណាខ្លះដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជនក្រីក្រ ចំនួន១លាន ៥ សែន នាក់ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាប់ឧបត្តម្ភពីរដ្ឋថែមទៀត។

ការស្នើរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគោលដៅរបស់យើង គឺនឹងបណ្តុះបណ្តាលជាមួយសិស្ស និស្សិត យុវជក្រីក្រចំនួន១លាន ៥ សែននាក់»។ សម្តេចតេជោថ្លែងបញ្ជាក់ថា ក្នុងចំណោម១លាន៥សែននាក់នោះនឹងធ្វើការបែងចែកការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងគ្នា ដូចជាវិជ្ជាជីវៈដូនតាក្នុងរង្វង់ ២ ភាគរយ ទៅ៤ភាគរយ ជំនាញតម្បាញ ចម្កាក់ គំនូរ ឬស្មូនជាដើម។ សម្រាប់វិជ្ជាជីវៈបណ្តាជំនាញផ្សេងទៀត ដែលមួយផ្នែកគ្រប់គ្រងដោយ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងគ្រប់គ្រងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចំពោះការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា នឹងគ្រប់គ្រង ដោយក្រសួងវប្បធម៌ វិចិត្រសិល្បៈ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «អីចឹងទេឥឡូវនេះយើងអាចបែងចែក សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ នូវសិស្សក្រីក្រ សម្រាប់សាកលវិទ្យាល័យបានចុះបណ្តុះបណ្តាលសាក ហើយអ្នកដែលបានបណ្តុះបណ្តាលនោះមិនគិតថ្លៃទេ ថែមទាំងទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋថែមទៀត។ អីចឹងខ្ញុំសូមស្នើឱ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិនិត្យមើល មានសាលាប៉ុន្មានកំពុងធ្វើបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្ត ឱ្យបន្តខិតខំរក្សានូវការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ»។ សម្តេចតេជោបានលើកឡើងថាការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើង មានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើការអភិវឌ្ឍកាន់តែលឿនដែលឆ្ពោះផ្អែកលើកគោលដៅមានចំណេះដឹង។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ឱកាសដល់សិស្សដែលប្រឡងធ្លាក់បាក់ឌុប អាចរៀនបរិញ្ញាបត្ររង ដែលជារឿងមួយ ប៉ុន្តែសម្រាប់ការរៀន ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈមានកម្រិតកំណត់ដោយមិនយកលក្ខខណ្ឌខ្ពស់ៗនោះទេ។ សម្តេចតេជោអះអាងថា៖«ការបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១លាន៥សែន នាក់ ជាចំនួនមួយធំដែលរដ្ឋត្រូវចេញថវិកា សម្រាប់ផ្តល់យុវជនក្រីក្រទាំងនោះទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ»។
សម្តេចតេជោក៏បានលើកឡើងថា រដ្ឋនឹងរកមើលទីកន្លែងឯកជនដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ ដើម្បីយកផ្ញើក្នុងការបណ្តុះបណ្តាលជំនាញនៅទីនោះដោយឧត្ថម្ភថវិកាជូន៕





ប្រភព៖ ក្រសួងព័ត៌មាន