ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ពំ្រដែន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យពលរដ្ឋខ្លួន ជួលដីឱ្យប្រទេសជិតខាងឡើយ

    BY Khmernote Media February 23, 2023
    សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ពំ្រដែន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យពលរដ្ឋខ្លួន ជួលដីឱ្យប្រទេសជិតខាងឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្តជាប់ពំ្រដែន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួន ជួលដីទៅឱ្យប្រទេសជិតខាង។

    ថ្លែងក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដាច់ខាត មិនត្រូវអនុញ្ញាឱ្យពលរដ្ឋជួលដីឱ្យប្រទេសជិតខាងនោះឡើយ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ «ខ្ញុំ សូមបញ្ជាក់ សូមឱ្យបណ្ដាខេត្តជាប់ព្រំដែន ទោះបីប្រទេសណាក៏ដោយ គឺដាច់ខាត មិនត្រូវអនុញ្ញាត ឱ្យប្រជាពលរដ្ឋជួលដីទៅឱ្យប្រជាជននៅជាប់ពំ្រដែននេះ ទៅប្រទេសផ្សេងឡើយ។ បានន័យថា ប្រជាជនថៃ ប្រជាជនវៀតណាម ឡាវ សូមចងចាំ»។​

    សម្ដេចក្រឡាហោមបានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

    សម្ដេចក្រឡាហោមថ្លែងថា ពិសេសបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំងអនុវត្តន៍ច្បាប់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពជំនាញរបស់កម្លាំងអនុវត្តន៍ច្បាប់ និងលើកកម្ពស់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសនានាឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

    លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថា ត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងជនអន្តោប្រវេសន្តឱ្យបានម៉ឺងម៉ាត់ ព្រមទាំងខិតខំទប់ស្កាត់ការលប លួចចេញ-ចូលប្រទេសតាមច្រករបៀងខុសច្បាប់នានា និងតាមច្រកសមុទ្រ។ ទន្ទឹមនេះ បន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវយុទ្ធនាការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: