ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING NEWS: រកឃើញករណីទី២ ជំងឺផ្តាសាយបក្សី H5N1 នៅកម្ពុជា លើបុរសអាយុ ៤៩ឆ្នាំ

    BY Khmernote Media February 24, 2023
    BREAKING NEWS: រកឃើញករណីទី២ ជំងឺផ្តាសាយបក្សី H5N1 នៅកម្ពុជា លើបុរសអាយុ ៤៩ឆ្នាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

    ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថាបន្ទាប់ពីមាន ករណីស្លាប់កុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

    ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ សុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារដែលបានស្លាប់ ដោយសារជំងឺផ្ដាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ ៤៩ ឆ្នាំ ដែលមានទី លំនៅក្នុងភូមិរលាំង (ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីង មកឈ្មោះភូមិរលាំង) ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។ ប៉ុន្តែស្ថានភាពសុខភាពរបស់ បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយ។

    សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: