បុរសម្នាក់ ដែលរារាំងដល់ការអនុវត្តច្បាប់ និងបញ្ចេញកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រើអំពើហិង្សាមកលើសមត្ថកិច្ច ក្រោយពីធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វើតេស្តសារធាតុញៀន គឺវិជ្ជមាន។

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី។
១. ប្រឆាំងអ្នករាជការសាធារណៈ
២. ប្រើហិង្សាដោយចេតនា
៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយ និងបដិសេធព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ រំលងអាធ្រាត ឈានចូលយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្អើលប្រជាពលរដ្ឋពេញភូមិ ខណៈពេលកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យម៉ូតូប្រដេញតាមយុវជនមួយក្រុមជាមុខសញ្ញាសង្ស័យរួចក៏ជ្រុលទៅបុកនិងបុរសម្នាក់ទៀតដែលកំពុងតែឈររយ៉ែរថយន្តបណ្តាលអោយដួលរួចក៏ដកកាំភ្លើងអាមេភ្ជង់ “ ។
តាមពិតជាក់ស្តែង នៅយប់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តខណ្ឌដូចសព្វដង លុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក៏ប្រទះឃើញក្រុមក្មេងមានគ្នាចំនួន៥ នាក់ ជិះម៉ូតូពីរគ្រឿង ។ បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះបានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចបានធ្វើការបំបែកគ្នាប្រដេញ ដោយមួយក្រុមប្រដេញម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀតបានធ្វើការប្រដេញម៉ូតូម៉ាក Scoopy រហូតដល់ចំណុច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ នៅពេលនោះក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញតួនាទី ភារកិច្ច ដេីម្បីតាមឃាត់ខ្លួនជនសង្ស័យ ។
បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះដែលកំពុងតែមានភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា ថែមទាំងហក់មកវាយ និងធាក់មកលើសមត្ថិកិច្ចដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វេីការរារាំងមិនឲ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទេ (ដោយមានភ្ជាប់ជាមួយនូវវិដេអូភាពស្រវឹង កាយវិការប្រមាថ និងរារាំងសមត្ថកិច្ច)។
ពេលនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ រកមុខបុរសម្នាក់ដែលរារាំងសមត្ថកិច្ចក្នុងការចុះអនុវត្តការងារ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសថែមទាំងប្រមាទមេីលងាយ និងដេញវាយសមត្ថកិច្ចថែមទៀតផង៕

