ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន មានមោទកភាពចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗនេះ

    BY Khmernote Media February 27, 2023
    សម្ដេចតេជោ ហ៊ុន សែន មានមោទកភាពចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បនាឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវមោទកភាព ចំពោះក្រុមកីឡាបាល់ទះកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលបានប្រកួតឈ្នះ បារាំង កាលពីពេលថ្មីៗកន្លងមកនេះ។

    ក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជាង ៥ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អបអរសាទរចំពោះដល់ក្រុមកីឡាបាល់ទះក្រោម ១៩ឆ្នាំ របស់កម្ពុជាដែលបានប្រកួតឈ្នះ បារាំង និងកោតសរសើរក្រុមកីឡាបាល់ទះក្រោម១៩ឆ្នាំរបស់កម្ពុជា ដែលមានបច្ចេកទេសលេងបានល្អឈ្នះក្រុមកីឡាបាល់ទះរបស់បារាំង។ សម្តេចតេជោ បានថ្លែងថា «ក្រុមរបស់កម្ពុជាដែលលេងជាមួយក្រុមបារាំងនោះ គឺកម្ពុជាមិនអន់ទេ សូម្បីកម្ពស់ក៏ប្រហាក់ប្រហែលនឹងជនជាតិបារាំងដែលជាដៃគូប្រកួតនោះដែរ»។ សម្តេចតេជោ បានផ្តល់អនុសាសន៍ថា ការប្រកួតកីឡា ឬជាអ្នកកីឡាក៉ំចង់ធ្វើតួឯកលេងតែឯង ត្រូវចេះចែកបាល់ ឬតួនាទីរបស់ខ្លួនច្បាស់លាស់ក៉ំចង់ធ្វើតែខ្សែប្រយុទ្ធ។ គួរបញ្ជាក់ដែរថា ក្រុមកីឡាបាល់ទះដែលមានវ័យក្រោម១៩ឆ្នាំរបស់កម្ពុជាទទួលបានជ័យជម្នះ ក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលបានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្មីៗនេះ។ ក្នុងពីធីនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកយ៉ាងខ្លាំង ដោយសម្តេចតេជោបានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។

    បើតាមឯក ឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គរុនិស្សិតបច្ចេកទេសនិងនិស្សិតដែលបញ្ចប់ការសិក្សា ពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លើកទី៥នេះ មានចំនួន ៥ ៤៥០ នាក់ ស្រី ៤២៧ នាក់ ។ ក្នុងនោះគរុនិស្សិតនិងនិស្សិតមានពិការភាព ចំនួន៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន២៩នាក់ក្នុងចំណោម ១៧០ នាក់។ ឯកឧត្ដមបន្តថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ ដែលមាន ឈ្មោះ ថា«មជ្ឈមណ្ឌលព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះត្រូវបានផ្អាកដំណើរការ ក្នុងរបបប្រល័យពូជសាស្ត្រប៉ុលពត និងត្រូវបានដំណើរឡើងវិញនៅឆ្នាំ១៩៨១និងត្រូវបានផ្លាស់ប្តូរឈ្មោះ ជាបន្តបន្ទាប់។ វិទ្យាស្ថាននេះបានផ្ទេរពីក្រសួងអប់រំយុវ ជន និងកីឡា មកក្រោមក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស»។ វិទ្យាស្ថាននេះមានភារកិច្ចស្នូលចំនួន២គឺបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេស សម្រាប់ធ្វើជាគ្រូបច្ចេកទេសបម្រើការងារនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីរយៈពេលខ្លី រហូតដល់រយៈពេលវែងទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋនិងនិស្សិតបង់ថ្លៃសិក្សា។

    វិទ្យាស្ថាននេះមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិក ខ្មែរ-បរទេស ជាប់កិច្ចសន្យាសរុបចំនួន ២៥៨ នាក់ ស្រី ៦៤នាក់។​​ ក្នុងនោះមានកម្រិតថ្នាក់ បណ្ឌិតចំនួន០៩នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១០៨នាក់ស្រី ១៨ នាក់កម្រិតថ្នាក់បរិញ្ញាបត្រ វិស្វករចំនួ ន៨៤នាក់ ស្រី២៨នាក់កម្រិតក្រោមបរិញ្ញាបត្រចំនួន៥៧នាក់ ស្រី១៨នាក់។ ចាប់តាំងពីឆ្នាំ ២០០១ ដល់បច្ចុប្បន្នវិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាមសិស្ស និស្សិតគរុនិស្សិតសរុបប្រមាណ១៨ ៤៩៦ នាក់ស្រី ២ ២១៨ នាក់ ។ ក្នុងនោះបញ្ចប់ការសិក្សាចំនួន ១៤ ២៧០ នាក់ ស្រី ១ ៧៥២ នាក់និងកំពុងសិក្សាសរុប ៤ ២២៦ នាក់ស្រី ៤៦៦ នាក់។ នៅវិទ្យាស្ថាននេះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេ ជោចំនួន១៧០នាក់ ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន៨០នាក់និងកំពុងបន្តការសិក្សា ៩០នាក់។ គរុនិស្សិតដែលបានបញ្ចប់ការសិក្សាក្រសួងបានចាត់តាំងឱ្យបម្រើការងារ នៅតាមគ្រឹះស្ថានសិក្សានានារបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមសិស្ស និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថានទទួលបានការងារធ្វើ ១០០ ភាគរយដែលក្នុងនោះមាន ៩២ភាគរយចេញធ្វើការ និង៨ភាគរយទៀតបន្តការសិក្សា ឬបង្កើតមុខរបរដោយខ្លួនឯង៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: