សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ផ្លូវល្បឿនលឿន ដែលមានតម្លៃជាង ២៣០លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយប្រើថវិការបស់រាជរដ្ឋាភិបាលចំនួន២៣០លានដុល្លារ ភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត។

ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងថា៖ «មិនជាយូរប៉ុន្មានយើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយ នឹងបាវិត ហើយវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់នឹងទល់ដែនជាមួយកម្ពុជា។ ប៉ុន្តែក៏សូមជម្រាបជូនពីមុនគឺខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គដោយយកប្រាក់ពីប្រជាជន។ ខ្ញុំថា ខ្ញុំមិនព្រមទេរឿងយកប្រាក់ពីប្រជាជនក្នុងការឆ្លងស្ពានគឺខ្ញុំទទួលយកមិនបានទេ។ អីចឹងសុំអ្នកឯងគិតគូរឡើងវិញ ប៉ុន្តែក្រោយមកទោះមានការគិតគូរយ៉ាងណាក៏មិនអាចទៅរួចដែរ។»
សម្ដេចតេជោបានបន្ដថា ដើម្បីឱ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានតម្លៃថោកកុំឱ្យថ្លៃពេក ដោយដំបូងយើងចង់ឱ្យគិតពីការតម្លៃនៃការធ្វើដំណើរក្នុងមួយគីឡូម៉ែត្រ តែត្រូវយកប៉ុន្មានដើម្បីឱ្យទៅយកតម្លៃឆ្លងស្ពាន ព្រោះប្រជាជនយើងត្រូវការឆ្លងស្ពានច្រើន។ ប៉ុន្តែឥឡូវនេះ យើងបានសម្រេចធ្វើស្ពាននេះតែម្ដងដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿនពីរទៅពីរមក ដើម្បីតភ្ជាប់ឆ្លងពីត្រើយខាងកើតទៅត្រើយខាងលិច រួចហើយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែងនិងខេត្តស្វាយរៀងមួយផ្នែក។ «យើងឱ្យក្រុមហ៊ុនធ្វើចុះ ហើយយើងអ្នកចេញលុយព្រោះគេមានបច្ចេកទេសហើយយើងកំពុងចរចាជាបន្ត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា នៅប្រទេសខ្លះគេប្រើវិធីយកលុយពីអាផ្លូវធំយកមកចិញ្ចឹមអាផ្លូវតូច គេយកតម្លៃអ្នកដែលបង់ថ្លៃធ្វើដំ ណើរផ្លូវធំយកមកកសាងផ្លូវតូចៗទៅ វិញ ដែលនេះគឺជារបៀបដោះស្រាយបញ្ហា។
សម្តេចតេជោបានថ្លែងបន្ថែមថា៖ «ជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយដែលមិនគិតគូរទៅលើបរិស្ថានគ្របដណ្តប់គិតពីភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយ គឺគ្រាន់ តែជាការឃោសនាឆបោកតែប៉ុណ្ណោះ»៕

ប្រភព៖ ក្រសួងព័ត៌មាន