ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ចេញបទបញ្ជាបន្ទាន់អោយសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះនៅថ្ងៃនេះ

    BY Khmernote Media February 28, 2023
    សម្តេចតេជោ ចេញបទបញ្ជាបន្ទាន់អោយសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះនៅថ្ងៃនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមប្រព័ន្ធតេឡេក្រាមមុននេះ​បន្តិច បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសត្វក្ងោកដែលចាប់នោះ ទៅជូនម្ចាស់វិញ ជាបន្ទាន់។

    សំឡេង៖ « ផ្ញើជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលពេលនេះកំពុងស្ថិតនៅក្នុងប្រទេសបារាំង និងមន្ត្រីពាក់ព័ន្ធខាងសត្វ ក្នុងប៉ុន្មានថ្ងៃមានបញ្ហាពាក់ព័ន្ធការចាប់យកសត្វក្ងោកដែលប្រជាពលរដ្ឋបានចិញ្ចឹម។ ប្រជាពលរដ្ឋបានស្រែកឱ្យខ្ញុំជួយទៅបញ្ហានេះ ខ្ញុំមិនបានដឹងច្បាស់ថា ការចាប់សត្វក្ងោកនេះ មូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងនោះគឺទុកមួយឡែក តែខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារ យកទៅជូនម្ចាស់គេវិញ គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះទេ។ យើងគួរលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ ដែលជិតផុតពូជ ជៀសជាងចាប់យកសត្វដែលប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានទេ សត្វនេះ និងស្លាប់ ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់ » ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖ « មុននេះខ្ញុំក៏មានចិញ្ចឹមសត្វក្ងោកច្រើនដែរ ក៏ប៉ុន្តែដោយសារការបារម្ភទៅលើចៅៗរបស់ខ្ញុំ។ ខ្ញុំក៏បានយកសត្វក្ងោកនេះ ទៅទុកនៅកូនប្រុសរបស់ខ្ញុំវិញ។ អ៊ីចឹងទេ គ្មានហេតុផលណាមួយ ដែលនឹងត្រូវចាប់សត្វក្ងោកដែលប្រជាជនចិញ្ចឹម យកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថាជា អំពើខុសច្បាប់។ ក្នុងករណីដែលច្បាប់មានចែង ខ្ញុំក៏សូមស្នើឱ្យអ្នកច្បាប់ ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណា ដែលទាក់ទិនចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមជាការដែលធ្វើរារាំងទៅដល់ចលនានៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ ទទួលបានបទបញ្ជានេះហើយ មន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជូនសត្វក្ងោកនេះ ទៅដល់ផ្ទះម្ចាស់គេវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តែម្ដង ទទួលបានបទបញ្ជានេះ សូមអនុវត្តភ្លាម គឺគ្មានការរង់ចាំ។ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលមិនអាចនិងមិនអនុវត្តបានឡើយ» ៕

    Share This Post: