សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ១០លានរៀល ជូនម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំលេងតាមប្រព័ន្ធតេឡេក្រាម ដោយសម្ដេចតេជោបាន បញ្ជាឱ្យសមត្ថកិច្ច ដែលចាប់យកសត្វក្ងោក យកទៅជូនម្ចាស់វិញដល់ផ្ទះ។

បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ទៅម្ចាស់ក្ងោក។ លោក សេង ទៀង បានបញ្ជាក់ទៀតថា ថវិកាជាអំណោយរបស់សម្តេចតេជោ ត្រូវបានលោកទាក់ទងលោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់ហើយ។ បើតាមលោក សេង ទៀង ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ៕

