ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតផលទេសចរណ៍កន្ត្រកវិលធំជាងគេនៅកម្ពុជា ចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរឡើងវិញ

    BY Khmernote Media March 2, 2023
    ផលិតផលទេសចរណ៍កន្ត្រកវិលធំជាងគេនៅកម្ពុជា ចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរឡើងវិញ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីប្រារព្ធខួប៣ឆ្នាំ នៃការបង្កើតកន្ត្រកវិលធំជាងគេនៅកម្ពុជា របស់ ក្រុមហ៊ុនអង្គរអាយ ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប លោកស្រី យិន រតនា អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន អង្គរអាយ បានឱ្យដឹងកាលពីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា ក្រោយពីស្ថានភាពកូវីដ១៩ មានការធូរស្រាល រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ពេលនោះយើងពុំមានភ្ញៀវទេសចរច្រើននោះទេ។

    ប៉ុន្តែនៅដើម ឆ្នាំ២០២៣នេះ ឃើញថា ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប មានការកើនឡើងគួរសម ហើយភ្ញៀវទេសចរ មកជិះកន្រ្តកវិលក៏មានចំនួនកើនឡើងផងដែរ។ កន្រ្តកវិលជាផលិតផលទេសចរណ៍មួយ ដែលធ្វើឱ្យភ្ញៀវទេសចរសប្បាយ អារម្មណ៍ស្រស់ថ្លា ដោយអ្នកទេសចរអាចទស្សនាទេសភាព ទីក្រុងសៀមរាបពីលើអាកាស ទស្សនាកំពូលប្រាសាទអង្គរវត្ត ផ្ទៃបឹងទន្លេសាប ទិដ្ឋភាពវាលស្រែ ដ៏ស្រស់ស្អាត។

    លោកស្រីបានបន្តថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ រំពឹងថាភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តសៀមរាបច្រើន ជាមួយគ្នានេះ កន្រ្តកវិលគឺជាចំណែកមួយធ្វើឱ្យភ្ញៀវទេសចរបានសប្បាយរីករាយ។ កន្ត្រកវិលនេះ មានកម្ពស់ ៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន ៤៨កន្ត្រក។ ភ្ញៀវទេសចរអាចមើល ទិដ្ឋភាពបាន៣៦០ដឺក្រេ។ ក្នុងឱកាសប្រារព្ធខួប៣ឆ្នាំរបស់ក្រុមហ៊ុន អង្គរអាយ បានអញ្ជើញ សិស្សានុសិស្ស កុមារាកុមារី មកពីបណ្តាអង្គការចំនួន៥ នៅក្នុងខេត្តសៀមរាប និង ស្ថាប័នពាក់ព័ន្ធប្រមាណជាង ៤០០នាក់ ចូលរួមជិះកន្ត្រកវិលដោយឥតគិតថ្លៃ។ ក្នុងគោលដៅ ចង់ឱ្យសិស្សានុសិស្ស កុមារាកុមារី បានឃើញទិដ្ឋភាពដ៏ស្រស់នៃក្រុងសៀមរាប។

    ជាមួយគ្នានេះ ក្រុមហ៊ុនអង្គរអាយ ក៏បានផ្តល់ជាសម្ភារសិក្សាដល់សិក្សានុសិស្សដែល បានមកចូលរួមកម្សាន្តផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: