ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ អះអាងថាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តតាកែវមានភាពល្អប្រសើរ មិនដូចការផ្សព្វផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ

    BY Khmernote Media March 2, 2023
    អភិបាលខេត្តតាកែវ អះអាងថាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តតាកែវមានភាពល្អប្រសើរ មិនដូចការផ្សព្វផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអះអាងថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវបានធានាយ៉ាងល្អប្រសើរ មិនដូចអ្វីដែលជាការផ្សព្វផ្សាយ និងចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។

    ការអះអាងរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យ ក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

    ឯកឧត្តម អ៊ូច ភា បានថ្លែងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គ្រប់គ្រងលើកងកម្លាំងទាំងបីប្រភេទ ចំណុះឱ្យរដ្ឋបាលខេត្ដ គឺរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើង ទាំងអំពើហិង្សា ចោរលួច ឆក់ និងសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្មេងទំនើងកន្លងមកនេះ គឺកម្លាំងសមត្ថកិច្ចជំនាញតែងធ្វើការបង្ក្រាបបានជាបន្ដបន្ទាប់ ផ្ទុយពីអ្វីដែលបានចែកចាយនៅតាមបណ្ដាញសង្គម។ ឯកឧត្តមបញ្ជាក់ថា៖ «កន្លងមកនេះមានបញ្ហាខ្លះពាក់ព័ន្ធការងារសន្ដិសុខ ដែលប្រជាពលរដ្ឋមួយចំនួនតូចបានយកបណ្ដាញសង្គមធ្វើការរិះគន់ អំពីការងារសន្ដិសុខនេះ។ យើងទទួលស្គាល់ការពិតថា ពិតជាមានការកើតឡើងនូវបញ្ហាខ្លះ ប៉ុន្ដែពិនិត្យជារួមមិន ដូចអ្វីដែលបានលេងសើចក្នុងបណ្ដាញសង្គមទេ ។ បច្ចុប្បន្ននេះស្ថានភាពជារួមមិនដូចអ្វីដែលបងប្អូនលើកឡើងនោះទេ»

    ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ករណីថ្មីៗនេះដែលបានកើតមានឡើង ជាអំពើឃាតកម្មដែលបង្កដោយក្រុមយុវជននោះ ពិតជាមានការចាប់អារម្មណ៍ពីសាធារណជន ប៉ុន្ដែជនដៃដល់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ផងដែរ។ឯកឧត្តមបានចាត់ទុកសកម្មភាពដែលបានធ្វើការចែកចាយតាមបណ្ដាញសង្គមមួយចំនួន គឺគ្រាន់តែចង់បាននូវចំណាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ ខណៈរឿងមួយចំនួនត្រូវបា នដោះស្រាយបញ្ហាជាយូរណាស់មកហើយ ក៏ត្រូវបានគេទាញមកភ្ជាប់ជាមួយសាច់រឿងដែលទើបកើតឡើងផងដែរ។

    ឯកឧត្តមអភិបាលខេត្ដបានថ្លែងបញ្ជាក់ថា នេះជាទង្វើមិនសមរម្យនោះទេ ដោយគ្រាន់តែចង់បានការចំណេញខ្លួនឯង បង្កើតសាច់រឿងនាំឱ្យមានការយល់ច្រឡំ។

    សូមជម្រាបថា ការថ្លែងបញ្ជាក់របស់អភិបាលខេត្តតាកែវនេះ គឺបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានការលើកឡើងនៅតាមបណ្ដាញសង្គម ដែលបានចែកចាយនូវព័ត៌មានមួយចំនួនដែលមានចេតនាបន្ទោសបង្អាប់ដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តតាកែវ ពិសេសពាក់ព័ន្ធជាមួយបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលបង្កឡើងដោយក្មេងទំនើង។ ចំពោះការចែកចាយរូបភាព ឬវីដេអូផ្សេងៗ តាមបណ្ដាញសង្គមពាក់ព័ន្ធនឹងខេត្តតាកែវកន្លងមកនេះ ដែលអាចឈានទៅដល់នាំឱ្យមានការរើសអើងថែមទៀតចំពោះអ្នករស់នៅក្នុងខេត្ដតាកែវផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: