ចូលរួមរំលែកទុក្ខ! លោកសាស្ត្រាចារ្យ Claude Dumurgier បិតាគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសាស្ត្រាចារ្យ Claude Dumurgier ជាស្ថាបនិកម្នាក់ និងជាបិតានៃគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២អធ្រាត្រ នៅទីក្រុងបារីសនៃប្រទេសបារាំង។

សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតពេទ្យកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក័ន្ធ និងពិធីបុណ្យបង្សុកូល ជូនដល់លោកសាស្ត្រាចារ្យ Claude Dumurgier នៅវត្តព្រះពុទ្ធមាន នៅវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ដើម្បីជាការដឹងគុណនិងសម្តែងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។
លោកសាស្ត្រាចារ្យ Claude Dumurgier បានមកដល់កម្ពុជាក្នុងឆ្នាំ១៩៩៣ ជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដល់ឆ្នាំ២០០២។ លោកគឺជាតួអង្គដ៏សំខាន់មួយរូបក្នុងការបណ្ដុះបណ្ដាល គ្រូពេទ្យនិងនិស្សិតកម្ពុជាផ្នែកសល្យសាស្ត្រ និងបានពុះពារ ចំណាយពេលវេលាដ៏លើសលប់ដោយក្តីស្រឡាញ់ ក្នុងការបណ្តុះបណ្តាល និងបង្កើតថ្នាក់ឯកទេសវះកាត់ ដល់និសិ្សតខ្មែរ។
សូមជម្រាបថា នៅក្នុងរយៈពេល២២ឆ្នាំនៃអាជីពរបស់លោក លោកបានពង្រីកទំនាក់ទំនងរវាងវិស័យវេជ្ជសាស្ត្របារាំងនិងកម្ពុជាដោយយកអស់កំលាំងកាយចិត្ត។ ការបាត់បង់រូបលោកគឺជាការបាត់បង់ដ៏ធំមួយរបស់មនុស្សគ្រប់រូប បាត់បង់គ្រូដ៏ល្អ និងបាត់បង់សហការីដ៏ចំណានមួយរូប ៕







