ព្រំ សំណាង៖ ទោះជោគជ័យការប្រកួតអន្តរជាតិ ក៏មិនភ្លេចខ្លួន រឿងដណ្ដើមមេដាយមាសជូនជាតិនាស៊ីហ្គេម២០២៣ដែរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការចុផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា ព្រំ សំណាង បាននិយាយថា បើទោះបីខ្លួនទទួលបានផ្លែផ្កាល្អនៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួនពីរលើកកន្លងមកក្ដី ក៏ខ្លួនមិនដែលភ្លេចខ្លួនរឿងដណ្ដើមមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានោះដែរ។

កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់ក្នុងជំរំ កីឡាករជម្រើសជាតិខាងលើ ក៏បានចេញទៅប្រកួតក្នុងកម្មវិធីប្រកួតអន្តរជាតិធំៗ បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់ តាមរយៈជង្គង់ នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។
កីឡាករដដែលខាងលើ បានប្រាប់មកកាន់ CAMBODIA 2023 យ៉ាងដូច្នេះថា «និយាយរឿងត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូត តាំងពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមមក។ ចំពោះគោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាស ជូនជាតិ សម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងថា ដឹងតែបានមេដាយ គ្រាន់តែមិនច្បាស់១០០% ថានឹងបានមេដាយកម្រិតណា។ ប៉ុន្តែ បើគោលដៅនិងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសហ្នឹងតែម្ដង»។
ជើងខ្លាំងរបស់កម្ពុជា បានបន្ថែមទៀតថា ទាក់ទងរឿងបច្ចេកទេសមកដល់ពេលនេះ ហាក់មានចំណុចខ្វះខាតតិចតួច ប៉ុន្តែ នឹងប្រឹងប្រែងបំពេញឲ្យបានគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន។ កន្លងមក គេក៏ធ្លាប់បានសាងកំហុសរួចហើយ កាលទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។ ដែលកាលនោះ ធ្វើមិនបានល្អ មកពីស្ទើរបច្ចេកទេសវាយយកពិន្ទុ ដែលកំហុសនេះ គឺកើតចេញពីខ្លួនគេផ្ទាល់ ដែលសិក្សាមិនបានស៊ីជម្រៅ។
ព្រំ សំណាង បានបន្ថែមជាចុងក្រោយទៀតថា « ស៊ីហ្គេមនៅវៀតណាម ជារឿងដែលខ្ញុំចងចាំមិនភ្លេច គឺការមើលស្រាលឧបករណ៍ហ្វឹកហាត់។ កាលហ្នឹង ខ្ញុំគិតថា ហាត់មិនបាច់ពាក់ឧបករណ៍ក៏បាន ឲ្យតែប្រឹងហាត់ទៅបានហើយ ។ មានអី ដល់ពេលឡើងទៅវ៉ៃពាក់ឧបករណ៍គេហ្នឹងទៅ បានដឹងថា វាពិបាកវាយ។ ចំណែកលើកនេះវិញ ខ្ញុំប្ដេជ្ញាហើយថា នឹងធ្វើឲ្យបានល្អមិនឲ្យដូចមុនទេ»។
គួររម្លឹកថា កាលស៊ីហ្គេមនៅប្រទេសវៀតណាម កីឡាករ ព្រំ សំណាង បានចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ដោយកាលនោះ គេដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ជូនជាតិផងដែរ៕


ប្រភព៖ Cambodia 2023