រដ្ឋបាលរាជធានីភ្នំពេញ បដិសេធ និងច្រានចោលទំព័រហ្វេសប៊ុកក្លែងក្លាយមួយដែលប្រើប្រាស់ឈ្មោះ Logo រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយ និងអំពាវនាវឱ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីទំព័រហ្វេសប៊ុកក្លែងក្លាយខាងលើ។ ដោយឡែក ម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និងលុបចោល នូវទំព័រហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ៕

