ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់

    BY Khmernote Media March 6, 2023
    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។

    សិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានសិស្សវិជ្ជាជីវៈ និងនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥៣នាក់ផងដែរ។

    វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ៕

    Share This Post: