ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី បន្ទាប់ពីស្ដ្រីម្នាក់បាត់បង់ជីវិតពេលកំពុងវ-ះកាត់កែដើមទ្រូង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពីការបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី បន្ទាប់ពីស្ដ្រីម្នាក់បាត់បង់ជីវិតពេលកំពុងវ-ះកាត់កែដើមទ្រូង។

ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អឹម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត គោគ ចន្ធី ជាអ្នកទទួល ខុសត្រូវ ដោយមូលហេតុបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។ ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត គោគ ចន្ធី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕
