អ្នកនាំពាក្យនៃស្នងការខេត្តតាកែវ៖ អ្នកលេងបណ្តាញសង្គមមួយចំនួន បានកាត់តយករូបភាព និងសម្លេង វាយប្រហារទៅលើការបកស្រាយករណីគប់កញ្ចក់រថយន្តនៅផ្លូវជាតិលេខ៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមត្ថកិច្ចតាកែវ បកស្រាយថា អ្នកលេងបណ្តាញសង្គមមួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តនៅផ្លូវជាតិលេខ៣។

បើយោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្កេតឃើញថា បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានឡើងធ្វើបទបង្ហាញជាវាគ្មិនក្នុងសន្និសិទសារព័ត៌មានស្តីពី “ភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ” នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងមក មានអ្នកលេងបណ្តាញសង្គម Facebook tiktok មួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦៖១៥នាទីរសៀល តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់។
តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានគូសបញ្ជាក់ថាៈ នៅថ្ងៃកើតហេតុខាងលើ មានក្រុមក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយដុំថ្មជិះម៉ូតូដេញគប់គ្នា ស្របពេលជាមួយគ្នានោះមានរថយន្តមួយគ្រឿងមកដល់ ក៏ត្រូវដុំថ្មនោះ ហើយធ្លុះចូលក្នុងរថយន្ត បណ្តាលឱ្យត្រូវអ្នកអង្គុយក្នុងរថយន្តរងរបួសធ្ងន់។ ការលើកឡើងរបស់លោកស្នងការ ក្នុងគោលបំណងបញ្ជាក់ជូនមហាជនឱ្យបានជ្រាបអំពីល្បឿនគប់ និងល្បឿនរថយន្ត 80km/h ទើបធ្វើឱ្យដុំថ្មត្រូវចំកញ្ចក់រថយន្តធ្លុះចូលក្នុងរថយន្តតែម្តង (ពីព្រោះនៅចំណុចខាងលើមានការកំណត់ល្បឿន ក្នុងការបើកបរ 80km/h )។
សូមបញ្ជាក់ជូនថា ក្រោយកើតហេតុកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។
ទន្ទឹមនេះដែរ ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមសំណូមពរដល់អ្នកលេងបណ្តាញសង្គមទាំងអស់ សូមមេត្តារិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ក្នុងន័យជាន់ពន្លិច(សូមមើលវីដេអូរទាំងស្រុង ជៀសវាងយកចំណុចមួយតូច ខ្លឹមសារមិនគ្រប់ជ្រុងជ្រោយយកមកវិនិច្ឆ័យដោយគ្មានការទំនួលខុសត្រូវ) ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police