ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បំភ្លឺគណនីហ្វេសប៊ុកមួយ ដែលផុសថា៖ «លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម: កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សា»

    BY Khmernote Media March 6, 2023
    ស្នងការរាជធានីភ្នំពេញ  បំភ្លឺគណនីហ្វេសប៊ុកមួយ ដែលផុសថា៖ «លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម: កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សា»

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងអាខោនហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា “លោកប៉ូលិសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសម:(ផ្លូវរុស្សីបត់ក្រោមស្ពានមកព្រលានយន្តហោះ) កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សា…” ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣៖៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឃបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។

    ជាមួយគ្នានេះ បុរសល្មើសខាងលើគាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបើកបរល្មើសភ្លើងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វើការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វើការផាកពិន័យនោះទេ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: