ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាសាទអង្គរវត្តជាកន្លែងគយគន់ថ្ងៃរះដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរ

    BY Khmernote Media March 6, 2023
    ប្រាសាទអង្គរវត្តជាកន្លែងគយគន់ថ្ងៃរះដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកទៅអង្គុយរង់ចាំគយគន់ព្រឹត្តិការណ៍ថ្ងៃរះនៅប្រាសាទអង្គរវត្ត ចាប់តាំងពីពេលព្រលឹមស្រាងៗ។

    ភ្ញៀវទេសចរខ្លះ បានទៅអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិណខាងមុខប្រាសាទអង្គរ ខ្លះចូលទៅអង្គុយត្រៀបត្រានៅតាមបណ្ណាល័យនៃប្រាសាទបុរាណ និងខ្លះទៀតទៅឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំគយគន់និងផ្តិតយករូបភាពដ៏អស្ចារ្យនៃសម្រស់ថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត។ ខំស្កាត់មកពីរាជធានីភ្នំពេញ កញ្ញា យាន ដានី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលកញ្ញាចូលទៅដល់ខាងមុខប្រាសាទអង្គរ ដោយសារតែកញ្ញាឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនេះ។

    កញ្ញាឱ្យដឹងថា ទោះបីជាកញ្ញាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកហើយក៏ដោយ ប៉ុន្តែពេលនេះគឺជាលើកទីមួយហើយ ដែលកញ្ញានិងមិត្តភ័ក្រ បានចូលមកទស្សនាថ្ងៃរះនៅមុខប្រាសាទអង្គរវត្ត ដោយត្រូវក្រោកតាំងពីម៉ោង៥ព្រឹក។ កញ្ញា ដានី បង្ហាញអារម្មណ៍ថាវាពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង នៅពេលដែលថ្ងៃរះទន្ទឹមនឹងកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយនិងស្រះទឹកបញ្ចេញពន្លឺពណ៌មាស បង្កើតបានជាភាពអស្ចារ្យដែលរូបនាងមិនធ្លាប់នឹកស្មានថាវាអាចកើតឡើងបានទាល់តែសោះនោះ ។

    ជាលើកទីមួយសម្រាប់ខ្ញុំ ដោយសារខ្ញុំមកល្ងិតៗតិចៗមានចុះអ័ព្ទបន្តិច ហើយយើងឃើញព្រៃជុំវិញប្រាសាទដើរមកឃើញកំពូលប្រាសាទមានអារម្មណ៍ថា ដូចអស្ចារ្យខ្លាំងណាស់ ដូចយើងចេញពីព្រៃមក ឃើញមានប្រាសាទដុះនៅកណ្តាលព្រៃ និយាយទៅរំភើប លើកទីមួយដែលខ្ញុំបានឃើញថ្ងៃរះនៅកំពូលប្រាសាទ ហើយថ្ងៃរះគឺមានការខុសគ្នានៅកន្លែងផ្សេង ដោយថ្ងៃរះធំ ហើយមានពណ៌ទឹកក្រូច ផុសនៅចន្លោះប្រាសាទរបស់យើង។ចំណែកឯភ្ញៀវទេសចរណ៍បរទេសជាច្រើន ក៏បានបង្ហាញអារម្មណ៍ប្រហាក់ប្រហែលគ្នា និងកញ្ញា យាន ដានីដែរ។

    អ្នកស្រី Garrency Fraken ជនជាតិអាមេរិក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយអ្នកស្រីចាត់ទុកថានេះជាក្តីស្រមៃរបស់អ្នកស្រី និងគ្រួសារជាយូរមកហើយ ដែលតែងប៉ងប្រាថ្នាមកកាន់ប្រាសាទអង្គរវត្ត។ អ្នកស្រីឱ្យដឹងថាក្រុមគ្រួសាររបស់អ្នកស្រី បានមកដល់កម្ពុជានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។គ្រាន់តែមកដល់ភ្លាម បានជ្រើសរើសគោលដៅដែលត្រូវទស្សនាមុនគេគឺប្រាសាទអង្គរវត្ត ព្រមទាំងបន្តទស្សនាប្រាសាទបុរាណជាច្រើនទៀតក្នុងរមណីយដ្ឋានអង្គរ។ មានអារម្មណ៍ថាសប្បាយចិត្ត ហើយខ្ញុំមានក្តីស្រមៃយូរហើយដែលចង់មកទីនេះ ហើយទីនេះវាពិតជាមានភាពស្រស់ស្រាយ និងស្អាតខ្លាំងណាស់។ជារៀងរាល់ថ្ងៃ មានអ្នកទេសចរចម្រុះជាតិសាសន៍ជាច្រើនតែងចំណាយពេលវេលាដ៏មានតម្លៃ ដោយសុខចិត្តក្រោកពីព្រលឹម មិនគិតពីការនឿយហត់ ឆ្ពោះទៅប្រាសាទអង្គរវត្ត ពីព្រោះតែពួកគេចង់ឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលពន្លឺព្រះអាទិត្យ បានចាំងចំនៅពេលព្រឹកព្រលឹម ហើយបង្កើតចេញទៅជាសម្រស់ពណ៌មាសដ៏អស្ចារ្យបំផុតនោះ។

    សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox)នៅបា្រសាទអង្គវត្ត តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍នេះបានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃ ព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលដែលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: