គម្រោងតុក្កតាយក្សបានត្រឡប់មកវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅក្នុងខេត្ដសៀមរាប
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតមួយ គឺ គម្រោងតុក្កតាយក្ស ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ទេសចរណ៍ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ម៉ឺននាក់នោះ បានត្រឡប់មកវិញហើយ នៅខេត្តសៀមរាប ក្នុងខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានភាពឯការយៈពេល ០៣ឆ្នាំដោយសារការរាតត្បាតនៃមេរោគកូវីដ១៩។

បើគិតមកដល់ប្ចុប្បន្ននេះ គឺមានរយៈពេល១២ឆ្នាំហើយ ប៉ុន្តែក្បួនដង្ហែតុក្កតាយក្សត្រូវបានផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩ ហើយឥឡូវបានវិលត្រឡប់មកកាន់វិថីសៀមរាបវិញហើយ សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ «ខ្មែរក្លាហាន»។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្ស ២០២៣បានឱ្យដឹងថា គម្រោងតុក្តតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០០៧ គម្រោងនេះ ទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។ លោកបានបន្តថា ឆ្នាំនេះអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាបរួមគ្នាដង្ហែរក្បួនតុក្កតាយក្សជាប្រភេទសត្វ និងរូបមនុស្ស ដែលធ្វើឡើងដោយឬស្សី ល្ពាក់ និងក្រដាសផ្សេងៗ ដោយក្រុមកុមារមកពីតាមអង្គការ និងក្រុមសិល្បករចំនួនជាង ៤២០នាក់ ដែលចំណាយរយៈពេលពីរសប្តាហ៍ ដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់កុមារ និងក្រុមសិល្បករ ក្នុងការដំឡើងជាប្រភេទសត្វដែលប្រឈមផុតពូជនៅក្នុងប្រទេសកម្ពុជា។ លោកបានអះអាងថា ការដំឡើងជាប្រភេទសត្វនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ចេះជួយថែរក្សាការពារ និងអភិរក្សសត្វទំាងនោះ ព្រមទាំងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំ កសិកម្ម ជូនសាធារណជនឱ្យកាន់តែទូលំទូលាយ ។
បើតាមលោក អ៊ុន សាវ៉ាន់ ចំពោះការដែលឱ្យកុមារមកចូលរួមធ្វើ និងដំឡើងតុក្កតាយក្សនេះ គឺចង់ឱ្យកុមារទំាងអស់បានស្គាល់អំពីប្រភេទសត្វដែលប្រឈមផុតពូជ នៅក្នុងប្រទេសកម្ពុជា និងចេះច្នៃប្រឌិតរូបសត្វទំាងនោះឡើងដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋទូទៅបានស្គាល់ និងបានចូលរួមអភិរក្សសត្វទំាងនោះឱ្យនៅគង់វង្ស។ លោកបានឱ្យដឹងថា គម្រោងនេះនាពេលកន្លងមានការគំាទ្រយ៉ាងច្រើនផងដែរពីសំណាក់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។
អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្សរូបនេះបានបន្ថែមថា៖ «តុក្តតាយក្សសម្រាប់ឆ្នាំ២០២៣នេះ មានចំនួន០៧ ក្នុងនោះ រួមមាន រូបសត្វពពូលទឹក(ជាប្រភេទសត្វកម្រ និងជិតផុតពូជ) រូបកសិករ(គឺចង់លើកតម្លៃកសិករ ព្រោះបើអត់កសិករច្បាស់ណាស់ថា ប្រជាពលរដ្ឋ នឹងពិបាកក្នុងការរស់នៅ ព្រោះយើងត្រូវការអង្ករ បន្ថែ ត្រី សាច់ ដែលកសិករធ្វើយកមកទទួលទាន។ រូបអ្នកម្តាយ សត្វពស់ ត្រីគល់រាំង រូបព្រះវិសិន្ត និងរូបសត្វកម្រមួយទៀត»។ លោក អ៊ុន សាវ៉ាន់ ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ក្បួនដង្ហែតុក្តតាយក្សនៅតាមដងផ្លូវក្នុងក្រុងសៀមរាប នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ១១ ខែ មីនា ឆ្នាំ២០២៣ ដោយធ្វើនៅម៉ោង ៦៖៣០ ល្ងាច ចាប់ពីមុខវត្តដំណាក់អមតាមដងស្ទឹង ឆ្ពោះទៅទិសខាងជើង បត់ទៅផ្លូវលេខ២១ បត់ឡើងមកផ្លូវវត្តបូរណ៌ រួចចុះមកផ្លូវមាត់ស្ទឹងវិញ និងបន្តឡើងមកសួនច្បារព្រះរាជដំណាក់ជួបជុំគ្នានៅទីនោះ ដោយមានការសម្តែងសិល្បៈផ្សេងៗ។
ជាមួយគ្នានេះដែរ សម្រាប់ការដង្ហែរតុក្កតាយក្សដោយមោទកភាពនៅតាមដងផ្លូវក្នុងខេត្តសៀមរាបឡើងវិញនេះ នឹងមានមនុស្សយ៉ាងច្រើនកុះករឈរអម និងទស្សនាតាមដងផ្លូវ ព្រោះគម្រោងដង្ហែរតុក្តតាយក្សនេះ ជាព្រឹត្តិការណ៍ទេសចរណ៍មួយដែលតែងតែទាក់ទាញភ្ញៀវទេសចរបានជាច្រើន ក្នុង១ឆ្នាំៗ កាលពីមិនទាន់មានការរីករាតត្បាតជំងឺកូវីដ១៩។
ក្នុងឱកាសនៃការការដង្ហែរតុក្កតាយក្សនាពេលខាងមុខ លោក អ៊ុន សាវ៉ាន់ ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ៕












ប្រភព៖ ក្រសួងព័ត៌មាន