ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមសាងសង់កន្លែងស្នាក់នៅរបស់​និស្សិតស្រីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា

    BY Khmernote Media March 7, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមសាងសង់កន្លែងស្នាក់នៅរបស់​និស្សិតស្រីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា

    រាជធានីភ្នំបេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​អំពាវនាវដល់សប្បុរសជនចូលរួមក្នុងការកសាងកន្លែងស្នាក់(អន្ដេវាសិកដ្ឋាន) សម្រាប់​​និស្សិតស្រី នៅក្នុងរាជធានីភ្នំពេញ និងតាម​បណ្តាលខេត្តនានាជាតំបន់ដាច់​ស្រយាល។

    ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ដែលបានប្រារព្ធ​ធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ​ឌីជីថល» នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធដាក់ចេញគោលនយោបាយក្នុងការលើកកម្ពស់ដល់នារី​ ក្នុង​កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ សម្តេចតេជោគូសបញ្ជាក់ថា៖ «ចំណុចនេះ ខ្ញុំ​បាន​ប្រគល់ភារកិច្ចឱ្យសួងអប់រំយុវជន និងកីឡា ក្នុងការកសាងកន្លែងសម្រាប់ស្នាក់នៅ​របស់​និស្សិតជាស្រី្ដ ដើម្បីជួយសម្រួលដល់ការរៀនសូត្រដែលមិនមែនផ្តោត​នៅរាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែក៏ផ្តោតធ្វើនៅតាមបណ្តាខេត្តនានាផងដែរ»។

    ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំសូមយក​ឱកាសនេះ​អំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមក្នុងការកសាង អន្ដេវាសិកដ្ឋាន​សម្រាប់និស្សិតជាស្ត្រី និងនៅតាមវិទ្យាល័យនានាដែលយើងបានពង្រាយនៅតាមទូទាំង​ប្រទេស តាមខេត្ត ភូមិ ស្រុក រួចហើយ។ ប៉ុន្តែយើងមាននិស្សិត សិស្សក្រីក្រ ហើយនៅ​ពេល​​យើងកសាងសាលា យើងត្រូវកសាងនូវអន្ដេវាសិកដ្ឋានស្ត្រី នៅថ្នាក់មធ្យម​សិក្សា​ផងដែរ»។

    សម្តេចតេជោបានថ្លែងបញ្ជាក់ថា បើសិនមិនមានសិស្សនៅថ្នាក់មធ្យមសិក្សា​នោះ​ទេ ក៏គ្មាននិស្សិតនៅថ្នាក់ឧត្តមសិក្សាផងដែរ។ ដែលចំណុចនេះសម្តេចតេជោចង់កាត់​​ បន្ថយ​គម្លាត រវាងអ្នកនៅតាមទីប្រជុំជន ទីក្រុង និងជនបទដាច់ស្រយាលតាមរយៈជំរុញ ឱ្យសិស្សស្រីនៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ និងមានកន្លែងស្នាក់នៅ។ សម្តេច​តេជោ​បានថ្លែងបន្ថែមថា៖ «ចំណុចនេះគឺជាគោលដៅអាទិភាពត្រូវធ្វើ ហើយចាំបាច់យើង​ត្រូវធ្វើនោះគឺពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីឱ្យខានតែបាន។ ចំណុចនេះ គឺជាចំណុច ដែលគេមើលឃើញថា បើស្ត្រីកាន់កាប់លុយ ហើយបុរសគ្មានសិទ្ធិតវ៉ាទេ ដូច្នេះចំណុច​យើងត្រូវខិតខំពង្រឹងអំណាចរបស់ស្ត្រី ដែលជាផ្នែកមួយមានឥទ្ធិពលពាក់ព័ន្ធ​សម្រាប់​គ្រួសារ»។

    ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំបន្ថែមទៀតដែល ត្រូវ​បង្កើនការចូលរួមរបស់ស្ត្រី និងកុមារីក្នុងវិស័យ ឌីជីថល សេដ្ឋកិច្ច វិស្វកម្ម ការច្នៃប្រឌិត គណិតវិទ្យា ស៊ីតិច និងសិល្បៈជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: