ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ, រកឃើញជនរងគ្រោះចំនួន ១២៤នាក់

    BY Khmernote Media March 9, 2023
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ, រកឃើញជនរងគ្រោះចំនួន ១២៤នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានសហការជាមួយគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។

    ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) ។ ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ច សម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះចំនួន ០៧នាក់ (ស្រី ០២នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថាពួកគាត់បានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ។

    បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: