រដ្ឋបាលខណ្ឌឫស្សីកែវ ឱ្យម្ចាស់ដាយត្រី បែរត្រីលើផ្ទៃទន្លេ និងដងទន្លេក្នុងមូលដ្ឋានទាំងអស់ ត្រូវរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ៧ថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ រួមទាំងកម្លាំងប្រជាការពារខណ្ឌ ចុះពិនិត្យទីតាំងដាយត្រី បែរត្រី និងសម្រាស់លើផ្ទៃទន្លេ និងដងទន្លេក្នុងមូលដ្ឋានខណ្ឌឫស្សីកែវឃើញថាពុំទាន់ចល័តចេញនៅឡើយបន្ទាប់ពីផុតរដូវនេសាទ ក្រុមការងារបានណែនាំម្ចាស់ដាយត្រី បែរត្រីឲ្យចល័តចេញក្នុងរយៈពេល០៧ថ្ងៃចាប់ពីថ្ងៃណែនាំនេះតទៅ និងបានណែនាំឲ្យម្ចាស់សម្រាស់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ ក៏បាននាំយកនូវអំណោយរបស់រដ្ឋបាលខណ្ឌរួមមាន អង្ករ មី ត្រីខ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់ក្រុមការងារគ្រប់គ្រងទូកចល័តតាមដងទន្លេរបស់រដ្ឋបាលខណ្ឌផងដែរ៕






ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ