ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចង់ស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មីម្តងទៀត តម្រូវឱ្យមានអ្វីខ្លះ?
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចង់ធ្វើថ្មីវិញ តម្រូវឱ្យមានអ្វីខ្លះ?

ក្នុងនោះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន)។
២. ទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតាមកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណម្តងទៀតបាន មានដូចជា៖
-ប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍
-ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍
-សាខាអត្តសញ្ញាណប័ណ្ណផ្សារអ៊ីអន២សែនសុខ
-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៣.រយៈពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារ
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន ៕

ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lt Gen. SAY Mengchheang