ក្រុមហ៊ុនផ្លូវល្បឿនលឿន បកស្រាយករណីធ្លាក់កៅអី បង្កគ្រោះថ្នាក់ដល់រថយន្តបើកពីក្រោយនៅតាមផ្លូវគីឡូម៉ែតលេខ៦០+៣០០ ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមធ្វើការបកស្រាយជាមួយករណីធ្លាក់កៅអីតាមផ្លូវ នៅវេលាម៉ោង ៧៖៣៦នាទីយប់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចទីតាំងគីឡូម៉ែតលេខ៦០+៣០០ ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ។

ហេតុការណ៍នេះ មានរថយន្តមួយគ្រឿងប្រភេទ Pick up ពណ៌ខ្មៅ ដែលបានដាក់អីវ៉ាន់ ក៏ដូចជាកៅអី នៅផ្នែកខាងក្រោយរបស់រថយន្ត ដោយសារមានការធ្វេសប្រហែសរបស់ម្ចាស់រថយន្ត មិនបានចងទប់ឱ្យជាប់ល្អ បណ្តាលអោយកៅអីធ្លាក់ចុះពីលើរថយន្ត ហើយបានបង្កគ្រោះថ្នាក់ដល់រថយន្តដែលបើកពីខាងក្រោយ។
ករណីនេះបណ្តាលឱ្យរថយន្តដែលបើកបរនៅខាងក្រោយរងការការខូចខាតផ្នែកខាងមុខ បែកស្តុបមុខ សំណាងល្អដែលមិនមានបង្កការរងរបួសដល់អ្នកបើកបរនិងអ្នករួមដំណើរ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តដែលជាជនរងគ្រោះបានទំនាក់ទំនងជាបន្ទាន់មកកាន់ភ្នាក់ងារជំនួយផ្លូវល្បឿនលឿន1399 ដើម្បីស្នើសុំជំនួយសង្រ្គោះជាបន្ទាន់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រុមការងារផ្លូវល្បឿនលឿនបានប្រញាប់រៀបចំចាត់ចែងក្រុមសង្រ្គោះបន្ទាន់ និងក្រុមការងារផ្នែកលុបបំបាត់ឧបសគ្គចុះទៅកន្លែងកើតហេតុភ្លាមៗដើម្បីចុះវាស់វែង ជម្លៀសអ្នកបើកបរ ព្រមទាំងអ្នករួមដំណើរទាំងអស់ចេញទៅក្រៅរបងផ្លូវ ដែលជាទីកន្លែងសុវត្ថិភាព រួចរៀបចំដាក់ជារង្វង់ភ្លើងការពារសុវត្ថិភាព ដើម្បីកុំអោយមានការបុកប៉ះទង្គិចពីខាងក្រោយបន្តទៀត។
មកទល់ពេលនេះ ក្រុមហ៊ុនបានស្វែងរករថយន្តដែលបង្កហេតុឱ្យចូលខ្លួនមកធ្វើការដោះស្រាយ ទទួលការព្រមាន និងការណែនាំពីនគរបាលចរាចរណ៍ ហើយបានសម្រុះសម្រួល និងសងជាសំណងសមរម្យមួយជូនជនរងគ្រោះ ដើម្បីទុកជួសជុលរថយន្តដែលបានខូចខាតនោះ។
ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សូមស្នើសុំចំពោះអ្នកបើកបរយានយន្តទាំងអស់នៅពេលមានការដឹកទំនិញនៅលើផ្លូវល្បឿនលឿន សូមមេត្តាអនុវត្តតាមគោលការណ៍សុវត្ថិភាពដែលក្រុមហ៊ុនបានដាក់ចេញ ដើម្បីឱ្យការធ្វើចរាចរណ៍មានលក្ខណៈល្អប្រសើរ ចូលរួមការពារសុខសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
មួយវិញទៀត ក្រុមហ៊ុនសុំអំពាវនាវចំពោះការឈប់យានយន្តនៅលើដងផ្លូវ ករណីរថយន្តមានបញ្ហាបច្ចេកទេស អ្នកបើកបរមានបញ្ហាសុខភាព ឬឧបទ្ទេវហេតុផ្សេងៗ សុំមេត្តាអែបចូលទៅខាងស្តាំដៃ (ជាក់ស្តែងគឺគន្លងអាសន្ន) រួចជម្លៀសអ្នកបើកបរនិងអ្នករួមដំណើរទាំងអស់ទៅនៅខាងក្រៅរបង ឬកន្លែងមានសុវត្ថិភាពការធ្វើបែបនេះគឺដើម្បីការពារមានរថយន្តបុកពីក្រោយ ដែលអាចបណ្តាលមានការខូចខាតធ្ងន់ធ្ងរ ឬអាចមានដល់ការប៉ះពាល់ដល់អាយុជីវិត។
សូមអ្នកបើកបរនឹងអ្នករួមដំណើរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកហួសល្បឿនកំណត់ កុំបើកបញ្ច្រាសទិស។«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» បើកបរដោយសុវត្ថិភាព» ៕

