ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំឱ្យមានចំណតយានយន្តសាធារណៈឱ្យបានល្អ

    BY Khmernote Media March 13, 2023
    សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំឱ្យមានចំណតយានយន្តសាធារណៈឱ្យបានល្អ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ ឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ ចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានា របស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។

    ការជំរុញរបស់សម្ដេចក្រឡាហោមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ មីនា ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

    សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារ អនុវត្តន៍ឱ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសចូលរួមធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព។ ទន្ទឹមនេះ ការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។ សម្ដេចក្រឡាហោមក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការ រដ្ឋបាលនិងវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។

    សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលរាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០) ដែលផ្ដោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវ រវាងក្រសួង ស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគឯកជនធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនានាស្របតាមគោលការណ៍ច្បាប់។

    ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អង្គសន្និបាតរយៈពេលថ្ងៃនេះ បានប្រើប្រាស់វិធីសាស្ត្រ បែងចែកក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ ជាលទ្ធផលគឺបានប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តន៍ការងាររបស់រដ្ឋបាលរាជធានីភ្នំពេញឆ្នាំ២០២៣។ ឯកឧត្ដមបានលើកឡើងថា ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាម ក្រោយការធ្វើកំណែទម្រង់ការគ្រប់គ្រងសំណល់រឹង-សំរាម នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចំនួន ៣ បាននឹងកំពុងប្រតិបត្តិការសេវាប្រមូល សម្អាត និងដឹកជញ្ចូនសំរាម ដោយជាមធ្យមក្រុមហ៊ុនប្រមូលសំរាម-សំណល់រឹងបានប្រមាណ ៣ ៣០០ តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញ លែងមានការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានទីក្រុងស្អាត ។ ឯកឧត្ដមអភិបាលក៏បានឱ្យដឹងទៀតថា អង្គសន្និបាតក៏បានស្នើសុំពន្លឿនការរៀបចំរចនា សម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង ជាមួយនឹងការពង្រឹងយន្តការគ្រប់គ្រងចំណូលពីវិស័យនេះ។

    ឯកឧត្ដមបានបន្ថែមថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសរុបចំនួន ១ ៥៨៩ ករណី៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: