ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់រដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឱ្យបានច្បាស់លាស់មុនបញ្ជូនមកនាយករដ្ឋមន្ដ្រី

    BY Khmernote Media March 16, 2023
    សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់រដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឱ្យបានច្បាស់លាស់មុនបញ្ជូនមកនាយករដ្ឋមន្ដ្រី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកក៏ដូចជាការដាស់តឿនដល់រដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឬថ្ងៃ ខែ ឆ្នាំ ឱ្យបានច្បាស់លាស់មុនបញ្ជូនមកនាយករដ្ឋមន្ដ្រី ដើម្បីសម្រេច។

    ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះសូមនិយាយឱ្យចំៗតែម្តងពីចំណាររបស់សម្ដេច ក្រែងចំណារប៉ិចក្រហមមិនបានទៅដល់រដ្ឋមន្ត្រីផ្ទាល់ ខណៈប៉ិចក្រហមរបស់សម្ដេច ទៅច្រើនណាស់ តែនៅដដែល។ សម្ដេចតេជោបានបន្ដថា មុនពេលចុះហត្ថលេខាលើឯកសារណាមួយ សូមរដ្ឋមន្រ្ដីពិនិត្យឱ្យបានច្បាស់ទៅលើអក្ខរាវិរុទ្ធ និងកាលបរិច្ឆេទជាដើម។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអង្វរក ឱ្យលោករដ្ឋមន្ត្រីទាំងឡាយ ឯកឧត្ដម លោកជំទាវ ជារដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឱ្យច្បាស់មើល តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី អានេះផ្ញើមកនាយករដ្ឋមន្ត្រីណា មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឱ្យច្បាស់ ក្រែងចំណារក្រហម មិនដល់រដ្ឋមន្ដ្រីហ្នឹងវិញ»។

    ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានសង្កេតឃើញថា មានក្រសួងចំនួន៤ ធ្វើកិច្ចការងារបានល្អ ក្នុងនោះ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានព្រមានទម្លាយលិខិតរដ្ឋមន្ត្រីណា ដែលមានកំហុសឆ្គងតាមបណ្តាញសង្គមផងដែរ។ ទន្ទឹមនេះ សម្ដេចតេជោក៏បានរម្លឹកពីភាពខុសឆ្គងនៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាតនៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។

    ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រី ដែលដឹងថា ខ្លួនឯងមានចំណេះដឹងនៅខ្វះខាត ដើម្បីឆ្លើយតបនឹងការបំពេញការងារប្រចាំថ្ងៃ សូមអញ្ជើញទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិតដែលខ្លួនឯងខ្វះខាតតែម្តង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: