ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំរាមជាង១លានតោនក្នុងមួយឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ដឹកទៅចាក់ និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ

    BY Khmernote Media March 17, 2023
    សំរាមជាង១លានតោនក្នុងមួយឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ដឹកទៅចាក់ និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ

    រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៣ យោងតាមការការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្រាប់ពេល១ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចចោល នៅទីលានចាក់សំរាម ដង្កោ មានចំនួនជាង ១លានតោន។

    នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ កាលពីពេលថ្មីៗនេះ ។

    លោក សេង វណ្ណៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិឱ្យយក្រុមហ៊ុនឯកជនចំនួន៣ រួមមាន៖ ក្រុមហ៊ុន S ៨០០,ក្រុមហ៊ុនMinuta ឬ Mizuda និងក្រុមហ៊ុនស៊ីនទ្រី ហើយសាខាកាកបាទក្រហមរាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូល និងដឹកជញ្ជូនសំណល់វេជ្ជសាស្ត្រ ។ សម្រាប់រយៈពេល ១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់សំរាមដង្កោមានចំនួន ១ ២៨៨ ២២២,៥៥តោន។

    បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យាការពារបរិស្ថាន នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្ម បានចំនួន ៤៨០មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តាមទីប្រជុំជន និងកំណត់តម្លៃសេវាសំរាម-សំណល់រឹងនៅតាមបុរី និងខ្នងផ្ទះ បានចំនួន ២២១០ខ្នងផ្ទះ ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post: