សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរ គឺជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ។

ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងនាមសម្ដេចផ្ទាល់ ជាមួយប្រជាជនកម្ពុជាទាំងមូល សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយសេចក្ដីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ នៃសង្គ្រាមស៊ីវិល ការលួច និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សម្ដេចតេជោបន្តថា បច្ចុប្បន្នកម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្តុតាង នៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យបាយ ចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការ ក្នុងករណីចាំបាច់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្ដុង្គឧត្ដម ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។សម្ដេចតេជោបានគូសបញ្ជាក់ថា ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ឧត្ដុង្គឧត្ដម មិនមែនតែសម្រាប់ប្រជាជនកម្ពុជាដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។
គួរបញ្ជាក់ដែរថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចតទៅ៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាតំណាងនៃ រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូប្លាស ឡាតហ្វូដ (Douglass Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ។ បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឺប អូសបានដោយសមត្ថកិច្ចអាម៉េរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ក៏ត្រូវបានបញ្ចូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ថ្មីៗនេះទៀតសោត គ្រឿងអលង្ការ បុរាណខ្មែរធ្វើពីមាសនិងលោហៈមានតម្លៃទាំងធំ-តូច ចំនួន៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់ កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាម តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងសហ ការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀតក៏ដូចជាបន្តការចរចាជាមួយស្ថាប័នថ្មី និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ចូនវត្ថុបុរាណខ្មែរជាច្រើនទៀតត្រឡប់មកកម្ពុជាវិញ។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា ព្រះឥសូរនឹងព្រះស្កន្ធ ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយ ដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.ដែលធ្លាប់ជាគោលដៅនៃការ លួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕





ប្រភព៖ ក្រសួងព័ត៌មាន