សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យរាជបណ្ឌិត្យសភានគបាលកម្ពុជាបង្កើនសមាសភាពមន្រ្ដីជាស្ត្រីយ៉ាងតិច២រូប នៅក្នុងអង្គភាពក្រោមចំណុះ
- BY
- srey nuch
- March 17, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចក្រឡាងហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង បំពេញភារៈកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្ដេចក្រឡាហោមបានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានឯកភាពលើផែនការសកម្មភាព ឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានមានមតិណែនាំបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រី យ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន ដោយសារតែមកដល់ពេលនេះសូម្បី តែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានយ៉ាងតិច២នាក់ផងដែរ។ សម្តេចក្រឡាហោមបានបង្ហាញការជឿជាក់ទៅលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ដោយចាត់ទុកថាបណ្ឌិត្យសភានគរបាលកម្ពុជា អាចសម្រេចបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពនេះ ជាពិសេសដើម្បី ពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិគ្រប់កម្រិតទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងនៅតាមសាលានគរបាលជាតិភូមិភាគ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំអំពីដំណើរ ការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជាថា ផែនការសកម្មភាពនេះស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ផែនការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងលើកកម្ពស់សមត្ថភាព បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យក្លាយជាស្ថាប័នដែលមានលក្ខណៈសម្បត្តិសមស្របតាមស្តង់ដារគុណភាព លើកកម្ពស់គុណភាពការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។
ឯកឧត្តមសាស្ត្រាចារ្យបន្តថា ផែនការនេះ នឹងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈ មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារឱ្យក្លាយជាកងកម្លាំងសហការ និងកម្លាំងស្នូល ដែលមាន ចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស មានស្មារតីទទួលខុសត្រូវលើការងារ ចេះប្រើប្រាស់ឧបករណ៍ និងសម្ភារបច្ចេកទេស ទំនើប ព្រមទាំងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: