ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នា តែគួរស្វែងយល់បន្ថែមនៃគំនិតច្នៃប្រឌិត ក្រោយផ្ទុះការរិះគន់លោក ឯម រៀម

BY
srey nuch
March 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅមុននេះបន្តិច បានលើកឡើង ក្រោយពីការបង្ហាញខ្លួនរបស់ លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ ច្នៃពីហូលខ្មែរ បែបពាក់កណ្ដាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award 2023 ផ្ទុះការរិះគន់ពីសំណាក់មហាជន ក្នុងបណ្ដាញសង្គម។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា ៕ »

ប្រភព៖ Hun Many

Share This Post: