ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ២០២៣ ជាមួយកម្មវិធីកម្សាន្ដសប្បាយៗជាច្រើនរយៈពេល៣ថ្ងៃ

    BY Khmernote Media March 26, 2023
    រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ២០២៣ ជាមួយកម្មវិធីកម្សាន្ដសប្បាយៗជាច្រើនរយៈពេល៣ថ្ងៃ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០២៣។

    រដ្ឋបាលខេត្តកំពត សូមជូនដំណឹងដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត កំពត នឹងរៀបចំព្រឹត្តិការណ៍ « កំពតសង្ក្រាន្ត » ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ខែ ចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ដល់ថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ២០២៣ខាងមុខនេះ។

    ក្នុងគោលបំណង សំដែងអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី សំដៅបង្កើននូវមនោសច្ចេតនា គោរព ស្រឡាញ់-សាមគ្គីភាព ស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី តាមប្រពៃណីជាតិ និងដើម្បី ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាលេងកម្សាន្តខេត្តកំពត។

    រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្ដ ជាច្រើនមានដូចជា៖ ការលេងល្បែងប្រជាប្រិយ,ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី(នៅឆ្នេរថ្មីកោះស្មៅ) ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ការបាញ់ទឹករាំកម្សាន្ត(រង្វង់មូលទុរេន) ពិធីស្រង់ព្រះ ការបាញ់កាំជ្រួច ជូនទស្សនា ការរៀបចំពិពណ៌ភូមិមួយផលិតផលមួយ ការតាំងបង្ហាញនំខ្មែរថែវប្បធម៌(នៅមុខសាលាខេត្ត កំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងរមណីយដ្ឋាននានាក្នុង ខេត្តផងដែរ។

    អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មេត្តាជ្រាប និងចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា៕

    ប្រភព៖ រដ្ឋបាលខេត្តកំពត

    Share This Post: