ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ឆ្លើយតបនឹងសំណួរ ការចុះសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត មានផលប្រយោជន៍អ្វីខ្លះ? និងតម្រូវឱ្យមានឯកសារអ្វីខ្លះ?

    BY Khmernote Media March 27, 2023
    ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ឆ្លើយតបនឹងសំណួរ ការចុះសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត មានផលប្រយោជន៍អ្វីខ្លះ? និងតម្រូវឱ្យមានឯកសារអ្វីខ្លះ?

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់លោក ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបនឹងសំណួរខ្លះៗ តើអ្វីទៅជាអត្រានុកូលដ្ឋានកំណើត? តើការចុះសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត មានផលប្រយោជន៍អ្វី? ហើយត្រូវចុះបញ្ជីនៅកន្លែងណា? អ្នកណាមានសិទ្ធិស្នើសុំចុះ? ត្រូវការឯកសារអ្វីខ្លះ? គិតតម្លៃប៉ុន្មាន?

    ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបញ្ជាក់ចម្លើយសង្ខេបដូចខាងក្រោមនេះ ៖
    សំបុត្រអត្រានុកូលដ្ឋានកំណើត រួមមាន សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត។

    ១-សារៈប្រយោជន៍ នៃសំបុត្រអត្រានុកូលដ្ឋានកំណើតរួមមាន៖
    -ចុះឈ្មោះចូលរៀន
    -ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    -ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
    -ធ្វើលិខិតឆ្លងដែន
    -ធ្វើលិខិតថ្កោលទោស ឬព្រឹត្តិបត្រថ្កោលទោស
    -ធ្វើប័ណ្ណកម្មសិទ្ធិនានា
    -ធ្វើសំបុត្រអាពាហ៍ពិពាហ៍
    -ធ្វើសំបុត្រមរណភាព
    -ដាក់ពាក្យចូលបម្រើការងារ
    -ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ។

    ២-ទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានកំណើត ឬបញ្ជាក់កំណើត សាលាឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្តាយ។

    ៣-ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើត៖

    ក.ចុះបញ្ជីអត្រានុកូលដ្ឋានកំណើត (ក្នុងអំឡុងពេល ៣០ថ្ងៃ)
    -លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
    -សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ
    -សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)
    -សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឪពុកម្តាយ។

    ខ.ចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត (ហួសរយៈពេល៣០ថ្ងៃ)
    -លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
    -សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ
    -សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)
    -សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឪពុកម្តាយ
    -សាក្សី ចំនួន០២រូបជានីតិជន ដែលមានលំនៅដ្ឋានពិតប្រាកដ។

    ៤-តម្លៃនៃការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត ដោយឥតគិតថ្លៃសេវា។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាកសួរព័ត៌មានតាមការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនងលេខទូរស័ព្ទ ១២៧១ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ រាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហារបស់លោកអ្នក ៕

    ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lt Gen. SAY Mengchheang

    Share This Post: