ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារជាង ១ពាន់កន្លែងដល់យុវជន

    BY Khmernote Media March 30, 2023
    ឱកាសល្អ! ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារជាង ១ពាន់កន្លែងដល់យុវជន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ១១១០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។ កម្មវិធីវេទិកាការងារនេះ ត្រូវបានសហការរៀបចំឡើងដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ក្រុមហ៊ុនធំៗទាំង ១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ក្រុមហ៊ុន BS Land & home, ក្រុមហ៊ុន ONLINE, ធនាគារ ស្ថាបនា, ក្រុមហ៊ុន KERRY World Bridge Logistics, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ មហានគរ , ក្រុមហ៊ុន MJQ Mengly.J.Quach Education, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក , ក្រុមហ៊ុន Mekongnet , ក្រុមហ៊ុន Manulife Cambodia , និង ក្រុមហ៊ុន RMA Cambodia។

    សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។

    លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ បានលើកឡើងថាកន្លង មហានគរ បានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ។ ជាលទ្ធផល មហានគរ ក៏ទទួលបានបេក្ខជនជាច្រើនរូបពីការសម្ភាសក្នុងវេទិកាកន្លងមក ក៏ដូចជាពិព័រណ៍ការងារថ្នាក់ជាតិផងដែរ។ លោកបន្ថែមថា ការចូលរួមសហការជាមួយ NEA គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័នរបស់លោកផងដែរ។

    តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថាសម្រាប់ការចូលរួមលើកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខតំណែង។ យើងត្រូវការទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍។ សម្រាប់អ្នកដែលគ្មានបទពិសោធន៍ មហានគរ នឹងធ្វើការបណ្តុះបណ្តាលដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ។

    វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

    ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: