សមត្ថកិច្ច បំភ្លឺព័ត៌មានជុំវិញករណីប្រឌិតរឿងចោរគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា៖

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះក្រោម ការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចក្នុងផែនជំនាញនគរបាលព្រហ្មទ័ណ្ឌដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងទទួលផែន លោកវរសេនីយ៍ឯក ផង់ សុ ភាព ស្នងការរងជំនួយការងារការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានបានដឹក នាំសហការជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវេសេនីយ៍ឯក ឡុង យោធាវីរៈជាអធិការ ធ្វើការស្រាវជ្រាវនិងបំបែកសំណុំរឿង(លួចដោយមានស្ថានទម្ងន់ទោស) គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាននៅស្រុកឯកភ្នំនោះហើយ។
ទីបំផុតម្ចាស់លំនៅដ្ឋានដែលមានឈ្មោះ តឿម សាវន័្ត ហៅផល ភេទប្រុស អាយុ៥០ឆ្នាំ បានសារភាពថា ករណីដែលលើកឡើងថា មានចោរចូលក្នុងផ្ទះរបស់គាត់ដោយគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិរបស់ខ្លួនអស់មាសចំនួន០៥ដំឡឹងនិងប្រាក់រៀលចំនួន ៩.០០០.០០០រៀល កាលពីថ្ងៃទី២៦ខែ មីនាឆ្នាំ២០២៣ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនោះ គឺខ្លួនជាអ្នកប្រឌិតបង្កើតឱ្យមានអង្គហេតុនេះឡើងដោយខ្លួនឯងតែប៉ុណ្ណោះ តែការពិតគឺមិនមាននោះទេ។
នៅពេលនេះសមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុកិច្ចសន្យាអប់រំណែនាំចំពោះរូបគាត់ ឱ្យឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះជាបន្តទៀតព្រោះទង្វើនេះជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ និងជះឥទ្ធិពលមិនល្អដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាំឱ្យមានការភ័យខ្លាចនិងព្រួយបារម្ភពីមហាជនទូទៅចំពោះសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ៕





