ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Breaking News – សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត

    BY Khmernote Media March 30, 2023
    Breaking News – សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាត។

    សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ​ « ខ្ញុំបានទទួលព័ត៌មានតាមរយៈ សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលក្នុងពិធីបើក និងពិធីបិទស៊ីហ្គេម។ ករណីនេះ ទាមទារឱ្យខ្ញុំព្រះករុណា ខ្ញុំចេញសារជាបន្ទាន់ ដើម្បីជម្រាបជូនដល់អ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងនឹងការប្រកួតស៊ីហ្គេមនាពេលមុខនេះ។ ខ្ញុំគឺមិនយល់ព្រមដាច់ខាត ឲ្យមានការលក់សំបុត្រទាំងការចូលបើក ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត នៅក្នុងរយៈពេលស៊ីហ្គេម ខ្ញុំមិនយល់ព្រមដាច់ខានជាមួយនឹងការធ្វើបែបនេះ ។ »​

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖ « ដូច្នេះ ខ្ញុំសូមចេញបទបញ្ជាទី១-មិនឱ្យមានការលក់សំបុត្រទាំងការចូលបើក នឹងពិធីចូលបិទ, ទី២-ឱ្យបងប្អូនចូលមើល ចូលទស្សនាដោយសេរី ដោយគ្មានការបង់ប្រាក់ និងទី៣-ចំពោះការប្រកួតតាមវិញ្ញាសានានា ក៏មិនត្រូវបានបង់ថ្លៃណាមួយនោះឡើយ ក្រុមណា ដែលអនុវត្តខុសពីនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង។ »

    សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ « យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំងអស់គ្នា យកចិត្តទុកដាក់ (ធ្វើបុណ្យ ១០០សំពៅ ទោសមួយចូលទៅរលាយបាត់អស់) សូមចាំនូវពាក្យនេះ យើងចាយលុយអស់រាប់លានដុល្លារ តើយើងប្រមូលលុយតាមរយៈនៃការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះ របៀបម៉េចទៅ? តើបានប៉ុន្មានទៅ? អ្នកទាំងអស់គ្នាចង់បានលុយ សូមមកយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ ។ ខ្ញុំមិននឹកស្មានមន្ត្រីរបស់យើងមួយចំនួន ខ្វះការគិតគូរ យកចិត្តទុកដាក់លើបញ្ហានេះ។ នេះគឺជាការស្ដីបន្ទោសលើកដំបូងរបស់ខ្ញុំ តែនេះមិនមែនជាកំហុសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ហើយខ្ញុំនឹងខិតខំរកថា តើអ្នកណាជាអ្នកទទួលខុសត្រូវ លើបញ្ហាការផ្សព្វផ្សាយអំពីការលក់សំបុត្រទាំងពេលចូលបើក និងពេលចូលបិទនេះ។

    ហើយនេះមិនមែនជាបញ្ហាលេងសើចឡើយ តែជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជនរបស់ខ្លួន ដែលយើងរងចាំរយៈពេល ៤៤ឆ្នាំ និងចំណាយធនធានអស់យ៉ាងច្រើន ទាំងពេលវេលា និងថវិកា ដើម្បីកើតចេញជារូបរាងការប្រកួតដ៏អស្ចារ្យនេះ ហើយខ្ញុំបញ្ជាក់ជាថ្មីថា៖ គ្មានការបង់ប្រាក់ណាមួយ ត្រូវធ្វើសម្រាប់អ្នកចូលទៅមើល ឬចូលទៅក្នុងពិធីបិទ និងចូលទៅទស្សនាគ្រប់វិញ្ញាសានៃការប្រកួត មិនអនុញ្ញាតឱ្យមានអ្នកលក់សំបុត្រ និងបង់ថ្លៃនោះទេ ៕ »

    Share This Post: